(វិលនីញូស)៖ មេដឹកនាំនៃប្រទេសជាសមាជិក NATO ទាំង៣១ប្រទេស បានឈានដល់ការឯកភាពគ្នានៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី នៅថ្ងៃអង្គារ សប្ដាហ៍នេះថាអនាគតរបស់អ៊ុយក្រែនគឺផ្សារភ្ជាប់នៅក្នុងបក្សសម្ព័ន្ធយោធាមួយនេះ ប៉ុន្តែមិនបានធ្វើការអញ្ជើញជាផ្លូវការ ឬក៏កំណត់កាលបរិច្ឆេទចូលជាសមាជិក ដែលលោក ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ទទូចចង់បាននោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងពេលជាមួយគ្នានោះ NATO ក៏បានលុបចោលផងដែរនូវការតម្រូវឱ្យអ៊ុយក្រែនបំពេញលក្ខខណ្ឌដែលគេហៅថា «ផែនការសកម្មភាពសមាជិកភាព» ឬ Membership Action Plan (MAP) ដែលនេះគឺជាការត្រួសត្រាយផ្លូវឱ្យអ៊ុយក្រែនចូលជាសមាជិក នៅពេលអនាគត។ មេដឹកនាំ NATO ទាំងអស់បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះ ថា «អនាគតរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុង NATO...ហើយយើងនឹងស្ថិតនៅក្នុងជំហរមួយដើម្បីអញ្ជើញអ៊ុយក្រែនចូលរួមក្នុងបក្សសម្ព័ន្ធយោធា NATO នៅពេលដែលសម្ព័ន្ធមិត្ត ព្រមព្រៀងគ្នា និងលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ»។ ក្រោយការប្រកាសនេះ លោក ហ្សេលេនស្គីបានបង្ហាញការខកចិត្តជាខ្លាំង និងរិះគន់មេដឹកនាំ NATO ដែលមិនបានធ្វើការ អញ្ជើញ និងកំណត់កាលបរិច្ឆេទឱ្យបានច្បាស់ដែលអ៊ុយក្រែនអាចចូលជាសមាជិក។
គួរបញ្ជាក់ថា ខណៈមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ និងលក្ខខណ្ឌជាក់លាក់ដែលអ៊ុយក្រែនត្រូវបានបំពេញឱ្យបាន មេដឹកនាំនៃប្រទេសជាសមាជិក NATO ទាំង៣១ប្រទេស បាននិយាយ NATO នឹងជួយទីក្រុងកៀវ ឱ្យមានភាពជឿនលឿនលើអន្តរប្រតិបត្តិការយោធា ព្រមទាំងការធ្វើកំណែទម្រង់ប្រជាធិបតេយ្យ និងសន្តិសុខ៕