(វ៉ាស៊ីនតោន)៖ សាលារៀនជាច្រើននៅក្នុងរដ្ឋធានីញូវដេលី កាលពីថ្ងៃចន្ទសប្ដាហ៍នេះត្រូវបង្ខំចិត្តបិទទ្វារ បន្ទាប់ពីព្យុះភ្លៀងមូសុងវាយប្រហារយ៉ាងចាស់ដៃលើរដ្ឋធានី នៃប្រទេសឥណ្ឌាមួយនេះ ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោច ២៩នាក់ ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។

ប៉ុន្តែមិនមែនមានតែឥណ្ឌាម្នាក់ឯងនោះទេដែលជន់លិចដោយសារទឹកជំនន់ ពោលគឺប្រទេសជាច្រើនទៀតដូចជាជប៉ុន សហរដ្ឋអាមេរិក ចិន ប៉ាគីស្ថាន អេស្ប៉ាញ និងតួកគី ក៏រងគ្រោះដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដី បង្កឡើយដោយភ្លៀងធ្លាក់ខ្លាំងដែរ នៅដើមខែកក្កដានេះ។ នៅជប៉ុន ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើ តំបន់ភាគនិរតីនៃប្រទេស ដោយបណ្ដាលឱ្យមានទឹកជំនន់ និងបំណាក់ដីសម្លាប់មនុស្ស៦នាក់ និងបាត់ខ្លួន៣នាក់។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីជប៉ុន នៅថ្ងៃអង្គារ ទី១១ ខែកក្កដានេះ។

រូបភាពជាច្រើនសន្លឹកបង្ហាញពីផ្ទះជាច្រើនខ្នងរងការខូចខាត នៅក្នុងខេត្ត Fukuoka និងល្បាប់ភក់ហូរចេញពីទន្លេ Yamakuni។ នៅសហរដ្ឋអាមេរិកវិញ ក៏ជួបប្រទះនឹង គ្រោះទឹកជំនន់ដ៏កម្រផងដែរ នៅតំបន់ Hudson Valley នៃរដ្ឋ New York និងរដ្ឋ Vermont ខណៈមនុស្ស ២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ហើយទឹកជំនន់ជន់លិច ផ្នែកខ្លះត្រូវបានគេចាត់ទុកថាមានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីការបំផ្លិចបំផ្លាញដោយព្យុះ Hurricane Irene ក្នុងឆ្នាំ២០១១ មក។ ក៏ប៉ុន្តែ ហេតុអ្វីបានជា ប្រទេសជាច្រើន រងគ្រោះដោយសារទឹកជំនន់ព្រមគ្នាៗបែបនេះ?

បើទោះជាគ្រោះទឹកជំនន់ក្នុងប្រទេសឥណ្ឌា ជប៉ុន ចិន តួកគី ព្រមទាំងសហរដ្ឋអាមេរិកជាដើម ស្ថិតនៅចម្ងាយឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ពិតមែន តែក្រុមអ្នកវិទ្យាសាស្ត្រ ខាងអាកាសធាតុបាននិយាយថាវាជា «បាតុភូតដែលមានលក្ខណៈតែមួយ» នោះគឺព្យុះកើតឡើងនៅក្នុងបរិយាកាសក្ដៅ បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងកាន់តែញឹកញាប់។

គួបផ្សំជាមួយការកើនឡើងកម្ដៅផែនដីផងនោះ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករថាស្ថានភាពអាកាសធាតុនឹងកាន់តែអាក្រក់ឡើង។ នេះក៏ព្រោះតែជាធម្មតា ក្នុងបរិយាកាសក្ដៅ វាមានផ្ទុកសំណើមយ៉ាងច្រើនដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់អាចសម្លាប់ជីវិតមនុស្ស។ ឧស្ម័នផ្ទះកញ្ចក់ ជាពិសេសគឺឧស្ម័នកាបូនិក និងមេតាន បាន និងកំពុង ធ្វើឱ្យផែនដីឡើងកម្ដៅ ហើយខណៈការប្រែប្រួលអាកាសធាតុមិនមែនជាមូលហេតុដោយផ្ទាល់បណ្ដាលឱ្យមានព្យុះភ្លៀងក៏ពិតមែន តែព្យុះភ្លៀងទាំងនេះកើតឡើងនៅក្នុង បរិយាកាសមួយដែលពោរពេញដោយកម្ដៅ និងសំណើម។

លោក Rodney Wynn ជាអ្នកឧតុនិយមម្នាក់មកពីវិទ្យាស្ថាន National Weather Service ក្នុងតំបន់ឆ្នេរ Tampa Bay នៃរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិកបាននិយាយថា បរិយាកាសក្ដៅមានផ្ទុកសំណើមយ៉ាងច្រើន។ លោកបានពន្យល់ដូច្នេះថា «សីតុណ្ហភាព ៦៨ Fahrenheit អាចមានសំណើមច្រើនជាង ២ដង ធៀបទៅនឹងសីតុណ្ហភាព នៅកម្រិត ៥០ Fahrenheit។ ខ្យល់ក្ដៅរីកមាឌ រីឯខ្យល់ត្រជាក់រួមមាឌ ហើយអ្នកអាចស្រមៃថា ប៉េងប៉ោងមួយ នៅពេលដែលក្ដៅ វានឹងរីកមាឌកាន់តែធំ ដូច្នេះវាក៏អាចផ្ទុក សំណើមច្រើនដូចគ្នាដែរ»។

ជាទូទៅ នៅក្នុងសីតុណ្ហភាព ១អង្សាសេ ឬស្មើនឹង ១.៨ Fahrenheit បរិយាកាសគឺមានសំណើម ៧ភាគរយ។ បើតាមអង្គការ NASA កម្រិតសីតុណ្ហភាពមធ្យម បានកើនឡើង យ៉ាងហោច ១.១អង្សាសេ ចាប់តាំងពីឆ្នាំ១៨៨០មក។ នៅត្រង់ចំណុចនេះ សាស្រា្តចារ្យផ្នែកវិទ្យាសាស្ត្រអាកាសធាតុមកពីសាកលវិទ្យាល័យ Miami លោក Brian Soden បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលមានផ្គររន្ទះ សំណើមបានប្រមូលផ្ដុំគ្នាក្លាយទៅជាដំណក់ទឹកភ្លៀង និងធ្លាក់ទៅលើផ្ទៃដី។ ព្យុះនៅក្នុងបរិយាកាសក្ដៅដែលមាន សំណើមច្រើន វានឹងបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង»។

នៅតាមតំបន់ភ្នំនៃប្រទេសតួកគី និងតំបន់ឆ្នេរនៃសមុទ្រខ្មៅ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យជន់លិចទឹកទន្លេ និងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងបំណាក់ដីបង្កការខូចខាតដល់ទីក្រុង នៅក្បែរខាង។ ដោយឡែក នៅប្រទេសចិនវិញ មនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់វាយប្រហារលើតំបន់ភ្នំ ស្ថិតនៅភាគនិរតី នៃប្រទេស។ លោក Brian Soden បានបន្ថែមទៀតថា «ខណៈអាកាសធាតុកាន់តែក្ដៅ យើងនឹងត្រូវជួបប្រទះភ្លៀងធ្លាក់ខ្លាំងដែលបាន និងកំពុងក្លាយជារឿងធម្មតា ទៅហើយ... វាមិនមែនជារឿងអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលបានឃើញព្រឹត្តិការណ៍បែបនេះ ព្រោះវាជាអ្វីដែលគេបានព្យាករជាយូរណាស់មកហើយ»។

ដូចគ្នាដែរ លោក Gavin Schmidt អ្នកវិទ្យាសាស្ត្រអាកាសធាតុ និងជានាយកវិទ្យាស្ថាន Goddard Institute for Space Studies របស់អង្គការ NASA បានកត់សម្គាល់ថា «តំបន់ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ គឺមិនមែនជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឱ្យផែនដីឡើងកម្ដៅនោះទេ។ បើតាមអ្នកវិទ្យាសាស្ត្រ រូបនេះ មួយភាគធំនៃឧស្ម័នផ្ទះកញ្ចក់ត្រូវបានបញ្ចេញមកពីបណ្ដាប្រទេសលោកខាងលិចដែលមានឧស្សាហកម្មជឿនលឿនធំៗ ហើយមួយភាគធំនៃផលប៉ះពាល់
កំពុងកើតឡើងនៅតាមតំបន់ ឬប្រទេសដែលមិនមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ មិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ប្រឈមមុខនឹងអាកាសធាតុដ៏អាក្រក់ ព្រមទាំង គ្មានវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីគ្រប់គ្រង ក៏ដូចជាកាត់បន្ថយផលប៉ះពាល់»៕