(ហ្សាការតា)៖ ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលមានទង់ជាតិអ៊ីរ៉ង់ដែលសង្ស័យថា បានដឹកជញ្ជូនប្រេងឆៅដោយខុសច្បាប់ និងរំខានប្រព័ន្ធតាមដានស្វ័យប្រវត្តិរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
នាវាល្បាតឆ្មាំឆ្នេរសមុទ្រឥណ្ឌូនេស៊ី KN Pulau Marore បានប្រទះឃើញនាវាដឹកប្រេងឆៅប្រភេទ MT Arman 114 ដែលមានទង់ជាតិអ៊ីរ៉ង់ នៅជិតសមុទ្រ Natuna ខាងជើងប្រទេសកាលពីថ្ងៃសុក្រ ខណៈដែលវាកំពុងផ្ទេរប្រេងជាមួយកប៉ាល់ MT S Tinos ដែលមានទង់ជាតិប្រទេសកាមេរ៉ូន។
កប៉ាល់ទាំងពីរគ្រឿងនោះត្រូវបានប្រទះឃើញ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនប្រេង។ មន្ត្រីបាននិយាយថា កប៉ាក់ទាំងពីរគ្រឿងបានព្យាយាមគេចពីការត្រួតពិនិត្យ ដោយគេចខ្លួនទៅតំបន់ពិសេសនៃប្រទេសម៉ាឡេស៊ី។
ឆ្មាំសមុទ្រឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កប៉ាល់ទាំងពីរគ្រឿង មិនបានឆ្លើយតបទៅនឹងការទំនាក់ទំនងទេ ហើយបានព្យាយាមគេចពីការត្រួតពិនិត្យ ខណៈដែលបំពង់ផ្ទេប្រេងនៅតែតភ្ជាប់រវាងកប៉ាល់ទាំងពីរ។ ពួកគេត្រូវបានដេញចាប់រហូតដល់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី»។
កប៉ាល់ MT Arman ប្រវែង ៣៣០ម៉ែត្រ ដឹកប្រេងឆៅ ២៧២.៥៦៩តោន ឬ ២.៣លានបារ៉ែល ដែលមានតម្លៃប៉ាន់ស្មាន ៣០៣លានដុល្លារ។
កប៉ាល់ KN Pulau Marore របស់ឥណ្ឌូនេស៊ី ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងដែនទឹកម៉ាឡេស៊ី ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រអាស៊ាន និងបានដេញតាមនាវា ដោយមានជំនួយពីទីភ្នាក់ងារអនុវត្តដែនសមុទ្រម៉ាឡេស៊ី។
នៅពេលដែលកប៉ាល់ទាំងពីរបានបំបែកផ្លូវគ្នា ហើយទំនងជាព្យាយាមរត់គេចក្នុងទិសដៅផ្សេងៗគ្នា ការយកចិត្តទុកដាក់ត្រូវបានផ្តោតលើកប៉ាល់អ៊ីរ៉ង់ដែលសង្ស័យថា ជាអ្នកផ្គត់ផ្គង់ប្រេង។ នៅពេលដែល កប៉ាល់ MT Arman 114 ត្រូវបានរឹបអូស មន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា កប៉ាល់នេះបានព្យាយាមរំខានប្រព័ន្ធតាមដានរបស់ខ្លួន។
ឆ្មាំសមុទ្របាននិយាយថា ពួកគេបានឃាត់ខ្លួនមនុស្ស ២៩នាក់នៅលើកប៉ាល់ដែលមានដោតទង់ជាតិអ៊ីរ៉ង់នោះ រួមទាំងប្រធានក្រុមជនជាតិអេហ្ស៊ីបម្នាក់ និងសមាជិកនាវិកអ៊ីរ៉ង់ និងស៊ីរីផងដែរ៕