(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយថា លោកស្រីជឿថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងចង់បានទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ មានស្ថេរភាពដោយ «ស្មោះត្រង់» និង «ការគោរពគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី១១ ខែកក្កដា​ ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយខ្លីមួយ មុនពេលចាកចេញពីរដ្ឋធានីរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ លោកស្រី Yellen បាននិយាយថា លោកស្រីជឿជាក់ថាដំណើរទស្សនកិច្ចនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងដោយជោគជ័យ ដោយបានពិភាក្សាអំពីចំណុច ខ្វែងគំនិតគ្នាសំខាន់ៗ។

លោកស្រី Yellen បាននិយាយថា «ខ្ញុំបានចំណាយពេលជាច្រើនម៉ោងជាមួយសមភាគីរបស់ខ្ញុំ ដើម្បីពិភាក្សាលម្អិតអំពីកង្វល់របស់យើង និងដោះស្រាយកង្វល់ទាំងនោះ ហើយធ្វើឱ្យប្រាកដថា វាមានបណ្តាញទំនាក់ទំនងបើកចំហ»

លោកស្រីបានបន្ថែមថា ភាគីទាំងពីរបានយល់ព្រម «រក្សាការទំនាក់ទំនងបើកចំហរ ដើម្បីពិភាក្សាឱ្យបានស៊ីជម្រៅ លើកង្វល់របស់យើង»

គួបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាម ដើម្បីកែសម្រួលទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក ខណៈដែលទំនាក់ទំនងចិន-អាមេរិកស្គាល់ភាពតានតឹងខ្លាំង ជុំវិញកង្វល់សន្តិសុខជាតិរួមទាំងបញ្ហាកោះតៃវ៉ាន់ ការហាមឃាត់ការនាំចេញរបស់សហរដ្ឋអាមេរិកលើបច្ចេកវិទ្យាទំនើប និងគោលនយោបាយឧស្សាហកម្ម៕