(កដ្ឋមណ្ឌូ)៖ អាជ្ញាធរអាកាសចរណ៍នេប៉ាល់ បានឱ្យដឹងថា នៅថ្ងៃអង្គារនេះ មនុស្សទាំង៦នាក់ ដែលធ្វើដំណើរលើឧទ្ធម្ភាគចក្រទេសចរណ៍ ១គ្រឿង នៅក្នុងប្រទេសនេប៉ាល់ បានបាត់បង់ជីវិតទាំងអស់ នៅពេលដែលឧទ្ធម្ភាគចក្រនោះបានធ្លាក់ ក្រោយពេលហោះឡើងបានតែបន្តិច នៅម្តុំតំបន់ភ្នំ Everest។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ឧទ្ធម្ភាគចក្រខាងលើ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Manang Air ស្ថិតក្នុងជើងហោះហើរឆ្ពោះទៅកាន់រដ្ឋធានីកដ្ឋមណ្ឌូ ចេញពីក្បែរតំបន់ Lukla ដែលជាច្រកផ្លូវសម្រាប់ក្រុមអ្នកឡើងភ្នំ ធ្វើដំណើរទៅកាន់កំពូលភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតលើលោក។ ឧទ្ធម្ភាគចក្រនោះ ផ្ទុកអ្នកដំណើរជនជាតិម៉ិកស៉ិកចំនួន៥នាក់ ហើយនិងពីឡុតម្នាក់ជាជនជាតិនេប៉ាល់។ វាបានដាច់ការទាក់ទងនៅប្រមាណជា១០នាទី ក្រោយការហោះឡើង។ សាកសពមនុស្សទាំង៦នាក់ ត្រូវបានប្រទះឃើញ នៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រផ្ទាល់។

គួរបញ្ជាក់ថា នេប៉ាល់គឺជាប្រទេស ដែលមានកំណត់ត្រាមិនល្អនោះឡើយ ពាក់ព័ន្ធទៅនឹងសុវត្ថិភាពផ្នែកអាកាសចរណ៍។ កាលពីខែមករា ដើមឆ្នាំនេះ យន្តហោះដឹកអ្នកដំណើរ១គ្រឿង បានធ្លាក់នៅភាគខាងលិចប្រទេស ហើយបានផ្តាច់ជីវិតមនុស្សទាំង៧២នាក់ នៅលើនោះ។ គ្រោះថ្នាក់អាកាសចរណ៍ ដែលប្រល័យបំផុតនៅនេប៉ាល់ គឺបានកើតឡើងកាលពីឆ្នាំ១៩៩២ ដោយមនុស្សទាំង១៦៧នាក់ ធ្វើដំណើរលើ​យន្តហោះរបស់អាកាសចរណ៍ Pakistan International Airlines បានស្លាប់ នៅពេលវាធ្លាក់ពេលព្យាយាមចុះចត នៅអាកាសយានដ្ឋានកដ្ឋមណ្ឌូ៕