(បាងកក)៖ នាយករដ្ឋមន្រ្តីចាំផ្ទះនៃប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ពោលគឺរយៈពេល៩ឆ្នាំ បន្ទាប់ពីលោកបានឡើងកាន់អំណាចដំបូង តាមរយៈរដ្ឋប្រហារយោធាក្នុងនាមជាប្រមុខរដ្ឋាភិបាលសឹក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកដូច្នេះថា «ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និងលាលែងពីសមាជិកនៃគណបក្ស United Thai Nation Party»។ យ៉ាងណាមិញ លោកនឹងបន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ពេលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួចរាល់។ លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃប្រទេសថៃជាលើកដំបូង កាលពីឆ្នាំ២០១៤ បន្ទាប់ពីធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់។ ក្រោយមក លោកក៏បានក្លាយជាប្រមុខរដ្ឋាភិបាលស៉ីវិល ក្រោយការបោះឆ្នោតសកលថៃឆ្នាំ២០១៩ ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធា។ យ៉ាងណាមិញ គណបក្សរបស់លោក ប្រយុទ្ធ បានទទួលបរាជ័យក្នុងការបោះឆ្នោតសកលអាណត្តិថ្មី កាលពីខែឧសភាកន្លងទៅ។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ សភាថៃនឹងត្រូវរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ មេដឹកនាំគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត គឺលោក ភីថា លឹមចារឿនរ៉ាត់ បានអះអាងថា លោកនឹងមានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ ការជ្រើសរើសនាយករដ្ឋមន្រ្តីនោះ នឹងប្រព្រឹត្តទៅ ដោយការបោះឆ្នោតរួមគ្នាពីសំណាក់ សមាជិករដ្ឋសភាទាំង៥០០នាក់ ហើយនិងសមាជិកព្រឹទ្ធសភា២៥០នាក់ទៀត ដែលត្រូវបានតែងតាំងដោយអតីតរដ្ឋាភិបាលយោធាថៃ។ ក្រុមចម្រុះរបស់គណបក្ស Move Forward មានអាសនៈក្នុងដៃសរុប៣១២អាសនៈ នៅរដ្ឋសភា ខណៈលោក ភីថា ត្រូវការការគាំទ្រសរុប៣៧៦អាសនៈ ទើបគ្រប់គ្រាន់៕