(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ១១ឆ្នាំទៅកាន់តំបន់អាហ្រ្វិក ដោយទីក្រុងតេហេរ៉ង់មានបំណងប្រើប្រាស់ដើម្បីពង្រីកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចទូទាំងឧបទ្វីបមួយនេះ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

លោក រ៉ៃស៉ី បានចាកចេញពីទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារនេះ ដើម្បីទៅកាន់ប្រទេសកេនយ៉ា អ៊ូហ្កង់ដា និងស៉ីមបាវ៉េ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស់សៀ កាណានី (Nasser Kanani) អាហ្រ្វិកគឺជា «ទ្វីបនៃឱកាស» ដែលចង់សហការជាមួយអ៉ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់ មានបំណងឆ្លើយតបទៅវិញ។ លោក កាណានី បានគូសបញ្ជាក់ថា «យើងអាចពណ៌នាអំពីដំណើរទស្សនកិច្ចនេះថា ជាចំណុចចាប់ផ្តើមថ្មីមួយដើម្បីឲ្យមានការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទន្ទឹមនឹងការជំរុញផ្នែកនយោបាយ វប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងទ្វីបនេះ»

គួរបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ បាននឹងកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួន ចាប់តាំងពីសហរដ្ឋអាមេរិក បានបោះបង់ចោលជាឯកតោភាគី នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់ក្នុងឆ្នាំ ២០១៨។ ទស្សនកិច្ចនេះកើតមានឡើងមួយខែបន្ទាប់ពី លោក រ៉ៃស៉ី ធ្វើដំណើរទៅកាន់តំបន់អាមេរិកឡាទីន ជាកន្លែងដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលទទួលទណ្ឌកម្ម ពីសហរដ្ឋអាមេរិកដូចជាវ៉េណេស៊ុយអេឡា គុយបា និងនីការ៉ាហ្កា៕