(វីលនីញូស)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជំរុញកិច្ចពិគ្រោះយោបល់ជាមួយសភា ជុំវិញការលក់យន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងនៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ (NATO) ដែលត្រូវចាប់ផ្តើមនៅរដ្ឋធានីវីលនីញូស (Vilnius) របស់ប្រទេសលីទុយអានី លោក ស៊ូលីវ៉ាន់ ឲ្យដឹងថា លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ច្បាស់ហើយថា លោកគាំទ្រចំពោះការលក់នេះ។ លោក ស៊ូលីវ៉ាន់ បានគូសបញ្ជាក់ថា «លោកប្រធានាធិបតីមិនបានដាក់កំហិតអ្វីទៀតទេអំពីរឿងនេះ ...លោកមានបំណងឆ្ពោះទៅមុខជាមួយនឹង ការបញ្ជូនយន្តហោះ F-16»។ យ៉ាងនេះក្តី លោក ស៊ូលីវ៉ាន់ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីពេលវេលានោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ បានយល់ព្រមបញ្ជូនពាក្យសុំចូលជាសមាជិក NATO របស់ស៊ុយអែត ទៅកាន់សភាជាតិដើម្បីផ្ដល់សច្ចាប័ន។ ដៃគូណាតូមួយចំនួនជឿថា តួកគី មានបំណងប្រើប្រាស់សមាជិកភាពស៊ុយអែត ដើម្បីសម្ពាធលើទីក្រុងវ៉ាស៊ីនតោនឲ្យយល់ព្រមលក់យន្តហោះចម្បាំង F-16 មកឲ្យប្រទេសរបស់ខ្លួន៕