(បែរឡាំង)៖ អូស្រ្តាលីនឹងបញ្ជូនយន្តហោះឈ្លបការណ៍មួយគ្រឿងរបស់ខ្លួន ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជួយផ្តល់ការគាំទ្រដល់អ៊ុយក្រែន តាមរយៈការជួយការពារ ខ្សែបណ្តាញផ្គត់ផ្គង់ផ្នែកមនុស្សធម៌និងយោធាសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងបែរឡាំងកាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បាននិយាយថា យន្តហោះ E-7A Wedgetail ដែលជាយន្តហោះឈ្លបយកការណ៍ដ៏ទំនើបបំផុតមួយ របស់​ប្រទេសអូស្រ្តាលី នឹងត្រូវដាក់ពង្រាយទៅកាន់អាល្លឺម៉ង់ សម្រាប់រយៈពេលសរុប៦ខែ រួមជាមួយសហសេវិក និងបុគ្គលិកផ្នែកគាំទ្រប្រមាណ ១០០នាក់។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើងយ៉ាងដូច្នេះថា «អូស្រ្តាលីគឺនៅឆ្ងាយពីអឺរ៉ុបក៏ពិតមែន ប៉ុន្តែរឿងមួយដែលសង្រ្គាមអ៊ុយក្រែនបានធ្វើ​ គឺដាស់តឿនយើងថា នៅក្នុងពិភពលោកដែលមានសកលភាវូបនីយកម្ម និងការតភ្ជាប់គ្នាសព្វថ្ងៃ គឺព្រឹត្តិការណ៍ដូចជាសង្រ្គាមដែលកំពុង​កើតឡើងនៅអឺរ៉ុបនេះ បានជះឥទ្ធិពលមកលើ សកលលោកទាំងមូល»។ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា យន្តហោះ Wedgetail នឹងធ្វើប្រតិបត្តិការតែនៅក្នុង ដែនអាកាសរបស់អឺរ៉ុបប៉ុណ្ណោះ ដោយចៀសវាង​ដែនអាកាសរបស់អ៊ុយក្រែន រុស្ស៉ី ឬបេឡារុស។

គួរបញ្ជាក់ថា លោក អាល់បានីស បានទៅបំពេញទស្សនកិច្ចនៅទីក្រុងបែរឡាំង នៅមុនកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) ដែលនឹង​ត្រូវចាប់ផ្តើមនាថ្ងៃអង្គារនេះ នៅឯទីក្រុងវីលនីញូសនៃប្រទេសលីទុយអានី។ អូស្រ្តាលីត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងនាមជាដៃគូឥណ្ឌូ-ប៉ាស៉ីហ្វិកទាំង៤ ដែល៣ប្រទេសទៀតគឺជប៉ុន នូវែលសេឡង់ ហើយនិងកូរ៉េខាងត្បូង៕