(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែកក្កដា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសហរដ្ឋអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅប្រទេសចិន ។ ក្នុងការជួបពិភាក្សានិងការចរចានាប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិកសុទ្ធតែ បានបង្ហាញថា នឹងពង្រឹងការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ។ មន្ត្រីចិនបានសង្កត់ធ្ងន់ថា ការធ្វើឱ្យសន្តិសុខជាតិមានលក្ខណៈទូទៅ វាគ្មានអំណោយផលដល់ការប្រាស្រ័យទាក់ទងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី។
លោកស្រី Yellen បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកមិនស្វែងរក "ការកាត់ផ្តាច់" ទំនាក់ទំនងខាងសេដ្ឋកិច្ចជាមួយប្រទេសចិននោះទេ ហើយបានសន្យាថា នឹងជំរុញឱ្យសេដ្ឋកិច្ចអាមេរិកនិងចិន "អាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ" ។
លោកស្រី Yellen គឺជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិករូបទីពីរ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងរយៈពេលមួយខែ ។ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោកស្រី Yellen លើកនេះត្រូវគេចាត់ទុកថាជាវិធានការជាក់ស្តែង ដើម្បីអនុវត្តគំនិតឯកភាពរួមដែលមេដឹកនាំចិននិងសហរដ្ឋអាមេរិក បានឈានដល់នៅក្នុងកិច្ចប្រជុំកោះបាលី ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ។
បើមើលពីព័ត៌មានដែលភាគីទាំងពីរបានបញ្ចេញនោះអាចឃើញថា ចិនសម្គាល់ថា កិច្ចពិភាក្សាលើកនេះប្រកបដោយលក្ខណៈស្ថាបនា ។ នៅពេលបញ្ចប់ដំណើរទស្សនកិច្ចលោកស្រី Yellen ក៏បានថ្លែងដែរថា កិច្ចជំនួបជាមួយប្រទេសចិននាប៉ុន្មានថ្ងៃកន្លងទៅនេះគឺ "ផ្ទាល់និងប្រកបដោយប្រសិទ្ធភាព" ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា លោកស្រីYellen នៅតែលើកឡើងដដែលៗអំពី"សន្តិសុខជាតិ" ហើយអះអាងថា នឹងដាក់ចេញក្បួនច្បាប់ខាងសេដ្ឋកិច្ចដ៏ "យុត្តិធម៌" ។ នេះបង្ហាញថា ប្រទេសចិននិងសហរដ្ឋអាមេរិកនៅតែមានការខ្វែងគំនិតគ្នា ក្នុងការកែលម្អកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដោយឡែក គឺសហរដ្ឋអាមេរិកនៅមានកិច្ចការជាច្រើនត្រូវធ្វើទៀត ។
ទំនាក់ទំនងចិន-អាមេរិកនាពេលបច្ចុប្បន្នកំពុងធ្លាក់ក្នុងភាពជាប់គាំង ។ និយាយពីឬសគល់ អាមេរិកមានកំហុសក្នុងការស្វែងយល់ ពីប្រទេសចិន ហើយចាត់ទុកប្រទេសចិនជា "គូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់បំផុត" ។ ដូចគ្នានេះដែរ អំពីទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម អ្នកនយោបាយអាមេរិកមួយចំនួន តូចនៅតែមិនដឹងច្បាស់យ៉ាងពិតប្រាកដថា "ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះគឺជាធាតុពិត នៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចចិន-អាមេរិក" ហើយពួកគេមិនបានដឹងថា "ការពង្រឹងកិច្ចសហប្រតិបត្តិការ គឺជាតម្រូវការជាក់ស្តែងនិងជាជម្រើសដ៏ត្រឹមត្រូវ របស់ភាគីទាំងពីរចិននិងសហរដ្ឋអាមេរិក" ។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានាលើពិភពលោក ក្នុងនោះក៏បូករួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីជំរុញការអភិវឌ្ឍជាមួយគ្នា ។ បើនិយាយចំពោះសហរដ្ឋអាមេរិក ប្រទេសចិនមានទីផ្សារដ៏ធំធេង ហើយកិច្ចសហប្រតិបត្តិការជាមួយចិនក៏មានអំណោយផល ដល់ការជំរុញឱកាសការងាររបស់សហរដ្ឋអាមេរិក និងទប់ស្កាត់អតិផរណាផងដែរ ។
ទន្ទឹមនឹងនេះ អាមេរិកក៏ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែង កុំធ្វើឲ្យបញ្ហាសេដ្ឋកិច្ចក្លាយទៅជាបញ្ហានយោបាយ ។ សហរដ្ឋអាមេរិកគួរតែលុបចោលពន្ធគយ ដែលបានដំឡើងចំពោះប្រទេសចិនក្នុងពេលឆាប់ៗ បន្ធូរបន្ថយការហាមឃាត់ការនាំចេញទៅកាន់ប្រទេសចិន លុបចោលការដាក់ទណ្ឌកម្មចំពោះសហគ្រាសចិន ក៏ដូចជាបង្កបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគ ។
លើសពីនេះទៅទៀត កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក មិនអាចឃ្លាតឆ្ងាយពីបរិយាកាសនៃទំនាក់ទំនងចិន-អាមេរិកបានទេ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកលើសពីមួយភាគបី នៃពិភពលោកទាំងមូល ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកល នៃប្រទេសទាំងពីរបានលើសពី ៥០ ភាគរយ ។ វាច្បាស់ណាស់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ មានសារសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក ។
រំពឹងទុកថា បន្ទាប់ពីលោកស្រី Yellen ត្រឡប់ទៅដល់ប្រទេសអាមេរិកវិញ អ្នកផងទាំងពួងអាចឃើញថា សហរដ្ឋអាមេរិកនឹងរួមជាមួយប្រទេសចិន ចាត់វិធានការយ៉ាងប្រាកដប្រជាដើម្បីជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យ"ប្រកបដោយស្ថិរភាពនិងប្រសើរឡើង"៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន