(វ៉ាស៉ីនតោន)៖ ការជន់លិចយ៉ាងខ្លាំងក្លាដែលបង្កឡើងដោយភ្លៀងធ្លាក់ បាននិងកំពុងបន្តលុកលុយតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក ដោយរដ្ឋ New York និង Vermont ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារជាតិឧតុនិយមនៃសហរដ្ឋអាមេរិក បាននិយាយក្នុងការព្យាករកាលពីថ្ងៃចន្ទរបស់ខ្លួនថា ប្រជាជនអាមេរិកសរុបជាង១៣លាននាក់ ត្រូវស្ថិតនៅក្រោមការព្រមានឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ ចាប់តាំងពីរដ្ឋ New York ទៅដល់រដ្ឋ Vermont និងរដ្ឋ Maine បន្ទាប់ពីព្យុះភ្លៀងដែលបានចាប់ផ្តើម កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅតែបន្តធ្លាក់ហើយបានធ្វើឱ្យជន់លិចដងទន្លេ និងដៃទន្លេជាច្រើន។
ប្រតិបត្តិការហោះហើរសរុបលើស១,០០០ជើង ទៅនិងមកតាមអាកាសយានដ្ឋាន នៅទូទាំងតំបន់ត្រូវបានពន្យារពេល ឬលុបចោលតែម្តង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារតែភ្លៀងធ្លាក់ ហើយសេវាកម្មរថភ្លើងមួយចំនួនក៏ត្រូវបានផ្អាកផងដែរ បន្ទាប់ពីផ្លូវដែកបានខូចខាត។ មិនតែប៉ុណ្ណោះផ្លូវថ្នល់ជាច្រើនខ្សែ ត្រូវបានកាត់ផ្តាច់ ឬជន់លិចប្រែក្លាយទៅប្រៀបជាដូចទន្លេ ហើយផ្ទះសម្បែងរាប់រយខ្នងបានរងការលិចលង់។ យោងតាមការគណនាជាបឋម របស់ក្រុមហ៊ុនព្យាករអាកាសធាតុឯកជន AccuWeather ការបំផ្លិចបំផ្លាញនិងការខាតបង់ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយមហន្តរាយជំនន់ទឹកភ្លៀងនេះ គឺមានទំហំខ្ទង់៣-៥ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពជំនន់ទឹកភ្លៀងនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិក៖