(មូស្គូ)៖ មេបញ្ជាការនាវាមុជទឹករុស្ស៉ីម្នាក់ និងជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារកែនកងទ័ព នៃទីក្រុង ក្រាសណូដា (Krasnoda) ភាគខាងត្បូងប្រទេសរុស្ស៉ី ត្រូវបានគេបាញ់សម្លាប់ កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ហើយការស៉ើបអង្កេតព្រហ្មទណ្ឌជុំវិញករណីឃាតកម្មនេះ កំពុងតែប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

សារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថា លោក ស្តានីស៉្លាវ អ៊ែរស្នីតស្គី (Stanislav Rzhitsky) ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងរត់ហាត់ប្រមាណ។ លោក អ៊ែរស្នីតស្គី ជាមេបញ្ជាការនៃនាវាមុជទឹកមួយគ្រឿង នៃកងនាវាសមុទ្រខ្មៅរបស់យោធាជើងទឹករុស្ស៉ី ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅអ៊ុយក្រែន បានអះអាងថា គឺជានាវាមុជទឹក ដែលបានចូលរួមបាញ់មីស៉ីលគ្រូស ខាលីបឺ (Kalibr) ទៅលើ​គោលដៅផ្សេងៗ នៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលរាយការណ៍ជាប្រចាំអំពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោក អ៊ែរស្នីតស្គី ក៏ជាប់ពាក់ព័ន្ធផងដែរក្នុង​ការវាយប្រហារមីស៉ីលមួយ បាញ់ចេញពីនាវាមុជទឹកទៅលើ ទីក្រុង វីននីស្តីយ៉ា (Vinnytsia) របស់អ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០២២ ដែលបានផ្តាច់ជីវិតជនស៉ីវិល២៣នាក់ ក្នុងនោះរួមមាន កុមារ៣នាក់។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាត់ទុក ការវាយប្រហារនោះថា ជាសកម្មភាពភេរវកម្មដោយបើកចំហ៕