(អាំស្ទែដាំ)៖ នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) បាននិយាយថា រូបលោកនឹងលាឈប់ពីនយោបាយតែម្តង បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសារតែវិវាទជុំវិញគោលនយោបាយផ្តល់សិទ្ធិជ្រកកោន ដល់ជនចំណាកស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
រយៈពេល១ឆ្នាំកន្លះមកនេះ ប្រទេសហូឡង់មានរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយលោក រូតតេ ហើយនិងគណបក្សអភិរក្សនិយម VVD របស់លោក ប៉ុន្តែរដ្ឋាភិបាលចម្រុះដែលមាន៤គណបក្សចូលគ្នានេះ គឺមានការខ្វែងគំនិតគ្នាលើបញ្ហាជនចំណាកស្រុក យូរដែរមកហើយ។ គណបក្ស VVD បានព្យាយាមដាក់កំហិតលើលំហូរជនស្វែងរកសិទ្ធិជ្រកកោន ក្រោយវិវាទកាលពីឆ្នាំមុន ជុំវិញបញ្ហាកកកុញនៅតាមមជ្ឈមណ្ឌលជនចំណាកស្រុក។ យ៉ាងណាមិញ ផែនការរបស់គណបក្សលោក រូតតេ ត្រូវបានជំទាស់ដោយបណ្តាគណបក្សដែលជាដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះ។
គួរបញ្ជាក់ថា ក្រោយការដួលរលំនៃរដ្ឋាភិបាលចម្រុះ ឥឡូវនេះលោក រូតតេ មានឋានៈជាប្រមុខរដ្ឋាភិបាលចាំផ្ទះ រហូតដល់ការបោះឆ្នោតថ្មី អាចត្រូវរៀបចំឡើងនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែរូបលោកបានប្រាប់សភាហូឡង់រួចហើយថា លោកនឹងមិនឈរឈ្មោះសម្រាប់អាណត្តិទី៥ឡើយ ហើយនឹងឈប់ធ្វើនយោបាយតែម្តង ក្រោយការបោះឆ្នោត។ ដោយមានតួនាទីជានាយករដ្ឋមន្រ្តីហូឡង់ជិត១៣ឆ្នាំ លោក រូតតេ គឺជាមេដឹកនាំដែលកាន់អំណាចបានយូរបំផុតមួយ នៅទ្វីបអឺរ៉ុប៕