(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NDMA) របស់ប៉ាគីស្ថាន បានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សចំនួនយ៉ាងហោច៨៦នាក់ហើយ បានបាត់បង់ជីវិត និង១៥១នាក់ផ្សេងទៀតបានរងរបួស អំលុងការជន់លិចដែលបង្កឡើង ដោយការធ្លាក់ភ្លៀងនៃរដូវមូសុងឆ្នាំនេះ គិតចាប់តាំងតែពីថ្ងៃទី២៦ ខែមិថុនាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
អាជ្ញាធរ NDMA បានគូសបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សចំនួន៦នាក់ទៀត ទើបតែបានស្លាប់ និង៩នាក់ថ្មីទើបតែរងរបួស អំលុងភ្លៀងធ្លាក់ខ្លាំង នៅទូទាំងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ បើតាមរបាយការណ៍របស់ NDMA មកទល់ឥឡូវ តួលេខអ្នកស្លាប់សរុបបានបន្តកើនដល់យ៉ាងហោច ៨៦នាក់ និងរបួស១៥១នាក់ ខណៈលំនៅឋានប្រហែល៩៧ខ្នង បានរងការខូចខាតឬបំផ្លិចបំផ្លាញ។
រដ្ឋពូនចាប (Punjab) មានចំនួនអ្នកស្លាប់ច្រើនជាងគេ គឺ៥២នាក់ បន្ទាប់មកគឺរដ្ឋខៃបឺ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) ដែលមាន២០នាក់ និងរដ្ឋបាឡូជីស្ថាន (Balochistan) ដែលមាន៦នាក់។ កាលពីឆ្នាំ២០២២ ភ្លៀងមូសុងធ្ងន់ធ្ងរមិនធ្លាប់មាន បានធ្វើឱ្យមួយភាគបីនៃប្រទេសប៉ាគីស្ថាន ត្រូវស្ថិតនៅក្រោមការជន់លិច ហើយលំនៅឋានប្រហែលជា ២លានខ្នងបានរងការខូចខាត ខណៈមនុស្សច្រើនជាង១,៧០០នាក់ បានស្លាប់។
គួរបញ្ជាក់ថា ប៉ាគីស្ថាន ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៥ លើពិភពលោក គឺទទួលបន្ទុកមិនដល់១ភាគរយឡើយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកល ប៉ុន្តែគឺជាប្រទេសដែលងាយរងគ្រោះខ្លាំងបំផុតមួយ ចំពោះការវាយប្រហារនៃស្ថានភាពអាកាសធាតុអាក្រក់ ដែលជំរុញដោយការកើនឡើងកម្តៅនៃភពផែនដី៕