(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានពិភាក្សាអំពីការគាំទ្រការធ្វើទំនើបកម្មយោធារបស់ប្រទេសតួកគី អំឡុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការពារជាតិតួកគី លោក យ៉ាសា គូល័រ (Yasar Guler) ក្រោយពីមានការប្រកាសរបស់ទីក្រុងអង់ការ៉ាថានឹងគាំទ្រសមាជិកភាពស៊ុយអែតក្នុងអង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
កាលពីខែតុលា ឆ្នាំ២០២១ ទីក្រុងអង់ការ៉ា បានស្នើសុំទិញយន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin Corp ក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារ និងសម្ដារៈធ្វើទំនើបកម្មយន្តហោះចម្បាំងដែលមានស្រាប់របស់ខ្លួនប្រមាណ ៨០គ្រឿង។ មន្ទីរបញ្ចកោណ បានបញ្ជាក់ថា «កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក អូស្ទីន និងលោករដ្ឋមន្ត្រីការពារជាតិតួកគី គូលឺ គឺជជែកគ្នាអំពីភាពវិជ្ជមានរវាងតួកគី ស៊ុយអែត និងអគ្គលេខាធិការអង្គការណាតូ លោក ស្តូធិនបឺគ ក៏ដូចជាការគាំទ្រ របស់ក្រសួងការពារជាតិអាមេរិក សម្រាប់ការធ្វើទំនើបកម្មយោធារបស់ប្រទេសតួកគី»។
គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលពីការយល់ព្រមបញ្ជូនពាក្យសុំចូលជាសមាជិក NATO របស់ស៊ុយអែត ទៅកាន់ សភាជាតិតួកគីដើម្បីផ្ដល់សច្ចាប័ន។ ជាមួយគ្នានេះ លោក អឺដូហ្កាន់ ក៏បានឡើងពីមហិច្ឆតារបស់តួកគីចង់ក្លាយជាសមាជិក សហភាពអឺរ៉ុប ភ្ជាប់ជាមួយកិច្ចប្រឹងប្រែង របស់ស៊ុយអែតដែលចង់ក្លាយជាសមាជិក NATO ផងដែរ៕