(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយថារុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ នៅព្រឹកព្រលឹមនៅថ្ងៃអង្គារនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹង ការចាប់ផ្ដើមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសារបង្ហោះលើឆាណែល Telegram លោក សឺហ៉ី ប៉ុបកូ (Serhiy Popko) ជាប្រធានរដ្ឋបាលយោធានៃទីក្រុងកៀវ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សត្រូវ (រុស្ស៉ី) បានបើកការវាយប្រហារលើទីក្រុងកៀវ តាមផ្លូវអាកាសជាលើកទី២ នៅក្នុងខែនេះ»។
បើតាមព័ត៌មានបឋម ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់កម្ទេចយន្ដហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ទាំងអស់ មុននឹងយន្ដហោះដ្រូនទាំងនេះ ហោះទៅដល់គោលដៅ។ ប៉ុន្តែ ភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ ហើយក៏មិនទាន់ថាដឹងថាតើមានការខូចខាតដែរឬក៏យ៉ាងណានោះទេ។
គួរបញ្ជាក់ថា អង្គការ NATO នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅថ្ងៃអង្គារនេះ នៅឯទីក្រុងវីលនីញូស ប្រទេសលីទុយអានី ដោយសង្រ្គាមនៅអ៊ុយក្រែននឹងក្លាយជា របៀបវារៈសំខាន់ ខណៈមេដឹកនាំបក្សសម្ព័ន្ធយោធានេះត្រូវបានគេរំពឹងថានឹងអនុម័តផែនការគ្រប់ជ្រុងជ្រោយដើម្បីការពារខ្លួនប្រឆាំងនឹងការវាយប្រហារណាមួយពី រុស្ស៉ី ជាលើកដំបូងបំផុតចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក៕