(វ៉ាស៊ីនតោន)៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងប្រទេសអ៉ីស្រាអែល ខណៈប្រទេសទាំង២ កំពុង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែស៊ីជម្រៅ នៅចំពោះមុខភាពតានតឹងជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
យោធាអ៉ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១០ ខែកក្កដាថាសមយុទ្ធយោធាខាងលើ នឹងបញ្ចូលសេណារីយ៉ូមួយចំនួន ក្នុងនោះរួមមានទាំងការវាយប្រហារ យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយផងដែរ។ ចំណែក បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា ហៅកាត់ថា CENTCOM ក៏បានបញ្ជាក់ ដែរថាការសមយុទ្ធរួមគ្នានេះគឺជាផ្នែកមួយនៃសមយុទ្ធយោធាឈ្មោះ Juniper Oak ដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារអ៉ីស្រាអែល។
គួរបញ្ជាក់ថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កើតមានឡើងមិនទាន់ដល់មួយសប្ដាហ៍ស្រួលបួលផង ក្រោយកងកម្លាំងអ៉ីស្រាអែល បើក ប្រតិបត្តិការយោធាវាយឆ្មក់លើជំរំជនភៀសខ្លួនក្នុងទីក្រុង Jenin នៃតំបន់ West Bank ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១២នាក់។ ប៉ុន្តែ ទាំងអ៉ីស្រាអែល និងសហរដ្ឋអាមេរិកបានអះអាងថា សមយុទ្ធយោធារបស់ខ្លួនគឺផ្ដោតតែទៅលើអ៉ីរ៉ង់ប៉ុណ្ណោះ៕