(សេអ៊ូល)៖ ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង (Kim Yo Jong) នៅថ្ងៃអង្គារនេះបានចោទប្រកាន់ថាយន្ដហោះយោធា ស៊ើបការណ៍មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានហោះបំពានចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់កូរ៉េខាងជើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
ការចោទប្រកាន់ខាងលើរបស់អ្នកនាង គីម កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ទី១០ ខែកក្កដាបានចោទប្រកាន់ដូចគ្នានេះដែរ ថាយន្ដហោះយោធាស៊ើបការណ៍យោធាអាមេរិកបានហោះបំពានចូលដែនអាកាសរបស់ខ្លួន ជាមួយការព្រមានបាញ់ទម្លាក់ បើយន្ដហោះយោធាអាមេរិកហ៊ានបំពាន ចូលដែនអាកាសកូរ៉េខាងជើងសាជាថ្មី។
តាមរយៈការស្រង់សម្ដីពីអ្នកនាង គីម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថាយន្ដហោះយោធាស៊ើបការណ៍អាមេរិកមួយគ្រឿងបានបំពានចូលតំបន់ សេដ្ឋកិច្ចពិសេសរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទម្សិលមិញ នៅឯតំបន់ឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ពោលគឺហោះនៅលើអាកាសស្ថិតនៅចម្ងាយ ៤៣៥គីឡូម៉ែត្រពីភាគខាងកើតទីក្រុង តុងឆុង (Tongchon) នៃខេត្តកាងវ៉ុន (Gangwon) និង ២៧៦គីឡូម៉ែត្រពីទីក្រុងអ៊ូលជីន (Uljin ) នៃខេត្តយ៉ុងសាង ខាងជើង (North Gyeongsang)។
សហរដ្ឋអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់ជាថ្មីពីកូរ៉េខាងជើងនោះទេ ប៉ុន្តែមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទ បានច្រានចោល ការចោទប្រកាន់របស់កូរ៉េខាងជើង ដោយអះអាងថាយោធាអាមេរិកតែងតែប្រកាន់ភ្ជាប់នូវច្បាប់អន្តរជាតិ៕