(ហ្សាការតា)៖ ប្រមុខការទូតនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងត្រូវជួបប្រជុំគ្នាក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះមុខសម្ពាធឱ្យ ដោះស្រាយជម្លោះដ៏បង្ហូរឈាមនៅមីយ៉ាន់ម៉ា និងភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលសមាជិកអាស៊ានខ្លះកំពុងមានជម្លោះទឹកដីជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កើតមានឡើងចំពេលក្រុមអ្នកវិភាគខ្លះមើលឃើញថាប្លុកអាស៊ីអាគ្នេយ៍នេះកំពុងប្រឈមមុខនឹងការធ្វើតេស្ដលើសាមគ្គីភាព និងភាពគួរឱ្យជឿទុកចិត្ត ជុំវិញការដោះស្រាយជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ានមួយផងនោះ។ បើតាមរបាយការណ៍ចេញផ្សាយដោយ អង្គការសហប្រជាជាតិ កាលពីខែមិថុនាកន្លងទៅ មានមនុស្សច្រើនជាង ៣,៤០០នាក់ បានស្លាប់នៅក្នុងជម្លោះនៅមីយ៉ាន់ម៉ា និងជិត ២២,០០០នាក់ត្រូវបាន ចាប់ខ្លួន នៅក្នុងការបង្រ្កាបពីសំណាក់របបយោធាមីយ៉ាន់ម៉ាសព្វថ្ងៃ។

គួរបញ្ជាក់ថា អាស៊ាន បានហាមមេដឹកនាំនៃរបបសឹកមីយ៉ាន់ម៉ា មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានកម្រិតខ្ពស់ ក្នុងនោះរួមមានទាំងកិច្ចប្រជុំនៅទីក្រុង ហ្សាការតា នៅថ្ងៃអង្គារសប្ដាហ៍នេះ។ ឥណ្ឌណេស៊ីដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២៣នេះ ត្រូវបានគេរាយការណ៍ថាបានបង្កើនការទំនាក់ទំនងទាំងជាមួយ របបសឹក និងក្រុមអ្នកប្រឆាំង។ ក៏ប៉ុន្តែ ប្រភពដែលបានដឹងពីបញ្ហានេះបានប្រាប់ ​Reuters ថាការព្យាយាមរៀបចំកិច្ចសន្ទនាមួយដែលមានការចូលរួមពីរបបសឹក និងក្រុមអ្នកប្រឆាំង មានភាពស្មុគស្មាញយ៉ាងខ្លាំង ដោយសូម្បីតែចង់រៀបចំជំនួបក្រៅផ្លូវការ ក៏មិនទាន់អាចធ្វើទៅបានដែរ៕