(វីលនីញូស)៖ នៅទីបំផុតទៅ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានផ្ដល់ភ្លើងបៃតងឱ្យស៊ុយអែតចូលជាសមាជិក NATO ហើយ បន្ទាប់ពីបានជំទាស់ អស់រយៈពេលមួយឆ្នាំមកនេះ ដោយសង្កត់ធ្ងន់ពីសន្តិសុខរបស់តួកគី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។
ការសម្រេចចិត្តខាងលើត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ដោយអគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ដែលបានអះអាងថា លោក អឺដូហ្កាន់ បានយល់ព្រមបញ្ជូនពាក្យសុំចូលជាសមាជិក NATO របស់ស៊ុយអែត ទៅកាន់សភាជាតិតួកគីដើម្បីផ្ដល់សច្ចាប័ន។ លោក Stoltenberg បានគូសបញ្ជាក់ នៅក្រោយជំនួបក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានីជាមួយលោក អឺដូហ្កាន់ និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ូល គ្រីស្ទឺសុន (Ulf (Kristersson) ដូច្នេះថា «ខ្ញុំសូមប្រកាសថា...លោកប្រធានាធិបតី អឺដូហ្កាន់ បានយល់ព្រមបញ្ជូនពាក្យសុំចូលជាសមាជិក (NATO) របស់ស៊ុយអែត ទៅកាន់សភាជាតិតួកគី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភា ដើម្បីធានាឱ្យបាននូវការផ្ដល់សច្ចាប័ន។ នេះគឺថ្ងៃ ប្រវត្តិសាស្ត្រ»។
គួរបញ្ជាក់ថា ការប្រកាសដ៏ភ្ញាក់ផ្អើលពីការទទួលយកស៊ុយអែតជាសមាជិក NATO របស់លោក អឺដូហ្កាន់ ធ្វើឡើងនៅមុនប្រធានាធិបតីតួកគីរូបនេះ ត្រូវ ចូលរួមកិច្ចប្រជុំកំពូល NATO រៀបចំឡើងក្នុងទីក្រុងវីលនីញូស នៅថ្ងៃអង្គារសប្ដាហ៍នេះ។ មិនមានការបញ្ជាក់ថាតើហេតុអ្វីបានជាលោក អឺដូហ្កាន់ កែប្រែចិត្ត ទទួលយកស៊ុយអែតជាសមាជិក NATO ទី៣២នោះទេ ប៉ុន្តែកាលពីថ្ងៃចន្ទដដែលនោះដែរលោកបានឡើងពីមហិច្ឆតារបស់តួកគីចង់ក្លាយជាសមាជិក សហភាពអឺរ៉ុប ភ្ជាប់ជាមួយកិច្ចប្រឹងប្រែងរបស់ស៊ុយអែតដែលចង់ក្លាយជាសមាជិក NATO។ ក្រៅតែពីតួកគី ប្រទេសហុងគ្រីក៏បានជំទាស់នឹងសមាជិកភាព របស់ស៊ុយអែតផងដែរ តែរដ្ឋាភិបាលហុងគ្រីធ្លាប់បាននិយាយថាខ្លួននឹងគោរពតាមការសម្រេចចិត្តរបស់តួកគី៕