លោក ស៊ី ជីនពីង និយាយថា រុស្ស៉ី និងចិនគួរតែ «ដឹកនាំកំណែទម្រង់អភិបាលកិច្ចសកល» (Video inside)
10-07-2023 21:59
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលបានកោតសរសើរភាពជាដៃគូរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំជាមួយអ្នកនយោបាយកំពូលរុស្ស៊ី នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ទី១០ ខែកក្កដានេះ បាននិយាយថា ប្រទេសចិន និងរុស្ស៊ីចាំបាច់ត្រូវ «ដឹកនាំទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចពិភពលោក»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅថ្ងៃចន្ទនេះ លោក ស៊ី បានជួបជាមួយ លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធដែលជាសភាជាន់ខ្ពស់ នៃសភារុស្ស៊ី នៅមហាសាលប្រជាជន។
នាឱកាសនោះប្រធានាធិបតីចិនរូបនេះបាននិយាយថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជា «ជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរ ដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស និងប្រជាជនរបស់ពួកគេ»។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា «ភាគីទាំងពីរក៏ត្រូវពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រតិបត្តិការសៀងហៃ និងបណ្តាប្រទេស BRICS ដឹកនាំទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចសកល និងការពារផលប្រយោជន៍រួមរបស់ប្រទេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការផ្លាស់ប្តូរកាន់តែជិតស្និទ្ធចាប់ តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។
មេដឹកនាំលោកខាងលិចបានជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ក្នុងរដ្ឋធានីលីទុយអានី មុនពេលកិច្ចប្រជុំកំពូលដែលរំពឹងថា នឹងផ្តល់ការឯកភាពលើសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែននៅក្នុងសម្ព័ន្ធមិត្តយោធាណាតូ ដែលរុស្ស៊ី និងចិនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង៕