(ញូវដេលី)៖ នៅក្នុងដើមខែកក្កដានេះ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះរួមមានទាំងគ្រោះទឹកជំនន់ដ៏កម្របង្កឡើងដោយភ្លៀង ធ្លាក់ខ្លាំងវាយប្រហារលើរដ្ឋ New York សហរដ្ឋអាមេរិកផងដែរ។

ខាងក្រោមនេះគឺជាការសរុបព្រឹត្តិការណ៍ និងកម្រងរូបគ្រោះទឹកជំនន់នៅឯបរទេស៖

១. ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា មនុស្សយ៉ាងហោច ២២នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី បង្កឡើយដោយភ្លៀងមូសុង ដែលបានវាយប្រហារលើភាគខាងជើងនៃប្រទេស ខណៈរដ្ឋធានីញូវដេលីកំពុងទទួលរងកម្រិតទឹកភ្លៀងខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល រាប់ទសវត្សរ៍មកនេះ។

ផ្លូវជាច្រើននៃរដ្ឋធានីញូវដេលីបានជន់លិចរហូតដល់ជង្គង់ ជាមួយកម្រិតទឹកភ្លៀងមានដល់ទៅ ១៥៣មីលីម៉ែត្រ ហើយនេះជាកម្រិតទឹកភ្លៀងខ្ពស់បំផុត ក្នុងរយៈពេល ត្រឹមតែមួយថ្ងៃ គិតក្នុងពេល៤០ឆ្នាំមកនេះ។ អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តកើតមានមួយថ្ងៃទៀត និងតម្រូវឱ្យសាលារៀន ជាច្រើនក្នុងរដ្ឋធានីញូវដេលីត្រូវបិទទ្វារនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ មនុស្សទាំង២២នាក់ដែលបានបាត់បង់ជីវិតត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋភាគខាងជើងនៃប្រទេស ឥណ្ឌា ដូចជា រដ្ឋ Himachal Pradesh, Uttarakhand, Uttar Pradesh, Jammu and Kashmir និងរដ្ឋ Punjab។

២. ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់នៅតាមផ្នែកខ្លះនៃរដ្ឋ New York និងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ហើយក្រុមអ្នកជួយសង្រ្គោះ បានសង្រ្គោះមនុស្សដែលជាប់នៅក្នុងរថយន្ដមួយចំនួន នៅតាមបណ្ដោយផ្លូវដែលបានជន់លិច ខណៈអាកាសធាតុអាក្រក់នឹងបន្តកើតមាន ក្នុងតំបន់ភាគឦសាន សហរដ្ឋអាមេរិក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅឯតំបន់ Hudson Valley នៃរដ្ឋ New York។

៣. ទីភ្នាក់ងារជាតិគ្រប់គ្រង់គ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដានេះបានឱ្យដឹង មានមនុស្សសរុបយ៉ាងហោចណាស់ ចំនួន៥០នាក់ ហើយ ដែលត្រូវរាយការណ៍ថាបានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុពាក់ព័ន្ធនឹង ការធ្លាក់ភ្លៀងនៅទូទាំងប្រទេសប៉ាគីស្ថាន រាប់គិតចាប់តាំងតែពី​ការចាប់ផ្តើមនៃភ្លៀង រដូវមូសុងកាលពីចុងខែមុនមក។

៤. ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនកាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ បានរាយការណ៍ថាភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់បានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងទីក្រុង Chongqing ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យក្រុមមន្ត្រីទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងការពារសុវត្ថិភាពប្រជាជនពីគ្រោះមហន្តរាយធម្មជាតិ។

៥. ទឹកជំនន់ដ៏ខ្លាំងក្លា បាននិងកំពុងបោកបក់ផ្លូវនៃទីក្រុង Zaragoza នៅភាគឦសាននៃប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្លៀង និងព្យុះដ៏ខ្លាំងមួយបានបោកបក់ពេញតំបន់នេះ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ។

៦. អាជ្ញាធរនៅក្នុងប្រទេសជប៉ុន នៅថ្ងៃចន្ទ ទី១០ ខែកក្កដានេះបានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ភាគនីរតីនៃប្រទេស ដោយបង្កឱ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី សម្លាប់មនុស្សយ៉ាងហោច២នាក់ ខណៈ៦នាក់ផ្សេងទៀតបានបាត់ខ្លួន៕