(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទ (ទី១០ ខែកក្កដា) ថា លោកនឹងគាំទ្របេក្ខភាពរបស់ប្រទេសស៊ុយអែត សម្រាប់អង្គការណាតូ ប្រសិនបើសហភាពអឺរ៉ុប យល់ព្រមបន្តកិច្ចចរចាសមាជិកភាពរបស់តួកគីក្នុងប្លុកនេះ​ ដែលជាប់គាំងជាយូរមកហើយជាមួយទីក្រុងអង់ការ៉ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ការវិវឌ្ឍន៍ចុងក្រោយបង្អស់ជុំវិញការប៉ុនប៉ងរបស់ប្រទេសស៊ុយអែត ដើម្បីយកឈ្នះការគាំទ្ររបស់ លោក Erdogan បានកើតឡើងនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ជាកន្លែងដែលមេដឹកនាំលោកខាងលិចចង់បង្ហាញពីការរួបរួម ក្នុងការប្រឈមមុខនឹងសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក Erdogan គ្រោងនឹងជួបនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Christensen នៅទីក្រុង Vilnius នៅថ្ងៃចន្ទនេះ។

មេដឹកនាំតួកគីរូបនេះបាននិយាយថា មេដឹកដូចគ្នាដែលបានរារាំងសមាជិកភាពតួកគីក្នុងសហភាពអឺរ៉ុប ដែលចង់ឱ្យលោកគាំទ្របេក្ខភាពរបស់ប្រទេសស៊ុយអែត សម្រាប់អង្គការណាតូ។

លោក Erdogan បាននិយាយតាមទូរទស្សន៍យ៉ាងដូច្នេះថា «ស្ទើរតែសមាជិកនៃអង្គការណាតូទាំងអស់ គឺជាសមាជិកនៃសហភាពអឺរ៉ុប។ ឥឡូវនេះខ្ញុំកំពុងថ្លែងទៅកាន់ប្រទេសទាំងនេះ ដែលបានធ្វើឱ្យតួកគីរង់ចាំអស់រយៈពេលជាង ៥០ឆ្នាំមកហើយ (ដើម្បីចង់ក្លាយជាសមាជិកប្លុកនេះ) ហើយខ្ញុំនឹងនិយាយទៅកាន់ពួកគេម្តងទៀតនៅក្នុងទីក្រុង Vilnius»

ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា «ដំបូង បើកផ្លូវសម្រាប់សមាជិកភាពរបស់ប្រទេសតួកគីនៅក្នុងសហភាពអឺរ៉ុបជាមុនសិន ហើយបន្ទាប់មកយើងនឹងបើកផ្លូវសម្រាប់ស៊ុយអែត ដូចអ្វីដែលយើងបានបើកវាសម្រាប់ប្រទេសហ្វាំងឡង់ដូច្នោះដែរ»