(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបានឱ្យដឹងនៅថ្ងៃចន្ទ (១០ខែកក្កដា) នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយមេដឹកនាំទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin កាលពីថ្ងៃទី២៩ ខែមិថុនា ប្រាំថ្ងៃបន្ទាប់ពីក្រុមនេះបានបែរក្បាលឆ្ពោះទៅទីក្រុងម៉ូស្គូ ក្នុងការបះបោររយៈពេលខ្លីមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា លោក ពូទីន បានអញ្ជើញមនុស្សចំនួន ៣៥នាក់ ឱ្យចូលរួមក្នុងកិច្ចប្រជុំនេះ រួមទាំងមេបញ្ជាការអង្គភាព ហើយថា កិច្ចប្រជុំមានរយៈពេលបីម៉ោង។ លោក Peskov បាននិយាយថា មេបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner បានប្រាប់ លោក ពូទីនថា ពួកគេជាទាហានរបស់គាត់ ហើយនឹងបន្តប្រយុទ្ធដើម្បីគាត់។
ក្នុងការបះបោររយៈពេលខ្លីរបស់ លោក Prigozhin ដែលបានដឹកនាំយុទ្ធជននៃក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដណ្តើមកាន់កាប់ទីក្រុង Rostov ភាគខាងត្បូង បានដាក់លោក Putin ឱ្យប្រឈមបញ្ហាដ៏ធំបំផុត ចំពោះការកាន់អំណាចរបស់លោក ចាប់តាំងពីបានឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់រុស្ស៊ី នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ ។
បញ្ហាបះបោរនេះត្រូវបានដោះស្រាយនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលបានសម្របសម្រួលដោយប្រធានាធិបតីបេឡារុស លោក Aleksandr Lukashenko។ ចាប់តាំងពីពេលនោះមក លោក ពូទីន បានថ្លែងអំណរគុណដល់កងទ័ព និងសេវាកម្មសន្តិសុខរបស់លោក ដែលបានបញ្ជៀសភាពចលាចល និងសង្គ្រាមស៊ីវិល។
លោក Prigozhin បាននិយាយថា ការបះបោរមិនមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺដើម្បី «កាត់ទោស» កងទ័ព និងប្រមុខការពារជាតិ ចំពោះអ្វីដែលគាត់បានហៅថាកំហុសធ្ងន់ធ្ងរ និងអាកប្បកិរិយាគ្មានវិជ្ជាជីវៈនៅក្នុងការប្រយុទ្ធនៅអ៊ុយក្រែន។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង លោក Prigozhin ត្រូវបានគេសន្មត់ថាកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស្ស ប៉ុន្តែ លោក Lukashenko បាននិយាយកាលពីសប្តាហ៍មុនថា មេទាហានស៊ីឈ្នួលរូបនេះបានត្រលប់ទៅប្រទេសរុស្ស៊ីវិញហើយ ហើយថាក្រុមទាហាន Wagner មិនទាន់ទទួលយកការផ្តល់ជូនដើម្បីផ្លាស់ទីទៅប្រទេសបេឡារុស្សទេ៕