(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចិន នាថ្ងៃចន្ទនេះបានរាយការណ៍ថា ចិននិងប្រទេសដែនកោះសូឡូម៉ុននៃតំបន់ប៉ាស៉ីហ្វិក បានប្រកាសពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របពេលដែលប្រទេសទាំងពីរ កំពុងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ បន្ទាប់ពីសូឡូម៉ុនបានផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ដើម្បីងាកមករកចិនកាលពី៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងនាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) បានប្រកាសពីការព្រមព្រៀងគ្នាចំពោះភាពជាដៃគូខាងលើ នៅឯមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ បើតាម CCTV លោក ស៉ី បានលើកឡើងអំលុងជំនួបជាមួយលោក សូហ្កាវ៉ារេ យ៉ាងដូច្នេះថា «ចិននិងបណ្តាប្រទេសដែនកោះនៃតំបន់ប៉ាស៉ីហ្វិក គឺសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយគួរតែពង្រឹងការជួយយកអាសាគ្នាទៅវិញទៅមក នៅក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង»។
គួរបញ្ជាក់ថា លោក សូហ្កាវ៉ារេ បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង គិតចាប់តាំងពីទីក្រុងប៉េកាំង និងទីក្រុងហូនីយ៉ារ៉ា បានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នាកាលពីឆ្នាំមុន ដែលជាហេតុនាំឱ្យកើតមានក្តីបារម្ភពីសំណាក់សហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់ រួមមានទាំងអូស្រ្តាលីផងដែរ៕