(វ៉ាសូវី)៖ រដ្ឋមន្រ្តីមហាផ្ទៃប៉ូឡូញ លោក ម៉ារីអ៊ូស កាមីនស្គី (Mariusz Kaminski) បាននិយាយនៅថ្ងៃចន្ទនេះថា ប៉ូឡូញបានឃុំខ្លួនសមាជិកម្នាក់ទៀតនៃបណ្តាញចារកម្មរុស្ស៉ី ដែលនាំឲ្យចំនួនមនុស្សសរុបក្នុងការស៊ើបអង្កេតកើនឡើងដល់ ១៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនាមជាអ្នកគាំទ្រផ្នែកយោធាដ៏សំខាន់មួយរបស់លោកខាងលិចចំពោះអ៊ុយក្រែន ប៉ូឡូញក្លាយជាគោលដៅសំខាន់របស់ចារកម្មរុស្ស៉ី ហើយទីក្រុងវ៉ាសូវីបានចោទប្រកាន់ទីក្រុងមូស្គូ ពីការព្យាយាមធ្វើឲ្យមានអស្ថេរភាពក្នុងប្រទេសរបស់ខ្លួន។ លោក កាមីនស្គី បានគូសបញ្ជាក់តាមរយៈបណ្តាញ Twitter យ៉ាងដូច្នេះថា «ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងបានឃុំខ្លួនសមាជិកម្នាក់ទៀតនៃបណ្តាញចារកម្ម ដែលធ្វើការឲ្យទីភ្នាក់ងារស៉ើបការណ៍សម្ងាត់រុស្ស៉ី។ ជនសង្ស័យបានដាក់ការឃ្លាំមើលលើទីតាំងយោធា និងកំពង់ផែសមុទ្រ។ ជនសង្ស័យរូបនោះ ត្រូវបានជួលជាប្រព័ន្ធដោយជនជាតិរុស្ស៉ី»។
គួរបញ្ជាក់ថា ស្ថានទូតរុស្ស៉ីប្រចាំនៅប៉ូឡូញមិនទាន់មានការឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ ជុំវិញការចាប់ខ្លួនបណ្តាញចារកម្ម។ កាលពីខែមិថុនា ប៉ូឡូញបានឃុំខ្លួនកីឡាករវាយកូនបាល់អាជីពរុស្ស៉ីម្នាក់ពីបទចារកម្ម។ រុស្ស៉ីនៅពេលនោះក៏បានទាមទារឲ្យមានការពន្យល់ពីប៉ូឡូញផងដែរ ជុំវិញការចាប់ខ្លួននេះ៕