(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៤នាក់បានស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៉ី លើទីតាំងចែកចាយជំនួយមនុស្សធម៌ នៅតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhi) ដែលស្ថិតនៅឯភាគអាគ្នេយ៍ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ការិយាល័យអគ្គរដ្ឋអាជ្ញា បាននិងកំពុងបានបើកការស៉ើបអង្កេតលើសំណុំរឿងព្រហ្មទណ្ឌទៅជាបទឧក្រិដ្ឋកម្មសង្គ្រាម បន្ទាប់ពីមានការវាយប្រហារលើទីក្រុងអូរីកហីវ (Orikhiv) កាលពីរសៀលថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ ចំណែក អភិបាលតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា លោក យូរីយ ម៉ាឡាស់កូ (Yuriy Malashko) និយាយថា ការទម្លាក់គ្រាប់បែកតាមអាកាស បានត្រូវចំអគារសិក្សាមួយកន្លែង ដែលត្រូវបានប្រើប្រាស់ជាទីតាំងចែកចាយជំនួយ។ ស្ត្រីចំនួន ៣នាក់ និងបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំត្រូវបានសម្លាប់ ខណៈមនុស្ស ១៣នាក់ផ្សេងទៀតរងរបួស។
គួរបញ្ជាក់ថា បច្ចុប្បន្នយោធាអ៊ុយក្រែនកំពុងធ្វើការវាយលុក ដើម្បីព្យាយាមដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៉ីមកវិញ ក្នុងតំបន់ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា។ ចាប់តាំងពីបើកការឈ្លានពានលើអ៊ុយក្រែន រុស្ស៉ីតែងបដិសេធការវាយប្រហារលើជនស៉ីវិល៕