(តូក្យូ)៖ ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើភាគនិរតីនៃប្រទេសជប៉ុន ហើយបានបង្កឱ្យគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចម្នាក់ និងបង្កឱ្យ៦នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ទីភ្នាក់ងារឧតុនិយមជប៉ុន នាថ្ងៃចន្ទនេះ បានចេញសេចក្តីប្រកាសអាសន្នបន្ទាន់មួយ សម្រាប់ខេត្តហ្វូគូអូកា (Fukuoka) និងអូអ៉ីតា (Oita) ដែលស្ថិតនៅផ្នែកភាគខាងត្បូង នៃកោះគ្យូស៊ុ (Kyushu) ដោយបានព្រមានពីការធ្លាក់ភ្លៀង ក្នុងកម្រិតខ្លាំងក្លាបំផុតមិនធ្លាប់មាននៅក្នុងតំបន់ ហើយបានទទូចឱ្យប្រជាជនទាំងអស់ ដែលរស់នៅតាមមាត់ទន្លេ និងជម្រាលភ្នំ ចាត់វិធានការបង្ការជាអតិបរមា។ ប្រជាជនជប៉ុនសរុបច្រើនជាង៤២០,០០០នាក់ នៅខេត្ត Fukuoka និង Oita ត្រូវស្ថិតក្រោមកម្រិតខ្ពស់បំផុត នៃសេចក្តីណែនាំឱ្យជម្លៀសខ្លួន។
ភ្លៀងបានបន្តធ្លាក់នៅតំបន់ Kyushu និងតំបន់ជូហ្គោគុ (Chugoku) ចាប់តាំងតែពីចុងសប្តាហ៍កន្លងទៅ ហើយបានបង្កឱ្យមានបំណាក់ដី និងការជន់លិច នៅតាមបណ្តោយដងទន្លេខ្លះ ព្រមទាំងឈានដល់ការបិទផ្លូវធ្វើដំណើរ បង្អាក់ប្រតិបត្តិការរថភ្លើង និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក នៅតាមតំបន់មួយចំនួន។
គួរបញ្ជាក់ថា ប្រទេសជប៉ុនកំពុងតែស្ថិតក្រោមរដូវភ្លៀងប្រចាំឆ្នាំ ដែលជារឿយៗនាំមកនូវការធ្លាក់ភ្លៀងជោគជាំ ហើយពេលខ្លះបណ្តាលឱ្យមានការជន់លិចខ្លាំង រួមជាមួយគ្រោះរអិលបាក់ដី ព្រមទាំងមនុស្សបាត់បង់ជីវិត។ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា បញ្ហាប្រែប្រួលធាតុអាកាស កំពុងតែជំរុញហានិភ័យ នៃការធ្លាក់ភ្លៀងខ្លាំងធ្ងន់ធ្ងរជាងធម្មតា ទាំងនៅប្រទេសជប៉ុន និងនៅកន្លែងផ្សេងទៀត ដោយសារអាកាសធាតុក្តៅ ផ្ទុកបរិមាណទឹកច្រើននៅក្នុងបរិយាកាស៕