(មូស្គូ)៖ ក្រោយបាត់មុខមួយរយៈ ទីបំផុតលោក វ៉ាឡឺរី ហ្គើរ៉ាស៉ីម៉ូវ (Valery Gerasimov) ដែលជានាយអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ទើបតែបានបង្ហាញវត្តមានតាមវីដេអូមួយ របស់ក្រសួងការពារជាតិរុស្ស៉ី ខណៈវាគឺជាការបង្ហាញខ្លួនលើកដំបូង ជាសាធារណៈរបស់លោក គិតចាប់តាំងពីសកម្មភាពបះបោរ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលបោះបង់ចោលពាក់កណ្តាលទី របស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា ឃ្លីបវីដេអូដែលខ្លួនបានចេញផ្សាយខាងលើ គឺបង្ហាញពីសកម្មភាពរបស់លោក Gerasimov អំលុងកិច្ចប្រជុំមួយជាមួយ ក្រុមមេបញ្ជាការយោធាជាន់ខ្ពស់រុស្ស៉ី កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាថៅកែក្រុម Wagner ជារឿយៗបានរិះគន់ធ្ងន់ៗលើលោក Gerasimov និងរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) រហូតដល់ថ្នាក់ដឹកនាំធ្វើការបះបោរប្រដាប់អាវុធ កាលពីថ្ងៃទី២៣-២៤ ខែមិថុនាកន្លងទៅនេះ ដើម្បីព្យាយាមផ្តួលរំលំអ្នកទាំងពីរ។
លោក Gerasimov មិនបានបង្ហាញវត្តមានជាសាធារណៈចាប់តាំងតែពីដើមខែមិថុនាមកម្ល៉េះ ហើយក៏មិនបានបង្ហាញមុខ ឬមួយក៏ចេញសេចក្តីថ្លែងការណ៍អ្វីនោះដែរ អំលុងសកម្មភាពបះបោររបស់ Wagner ដែលត្រូវបានលោក Prigozhin ប្រកាសបោះបង់ចោលវិញនៅពាក់កណ្តាលទី ក្រោយទទួលបានការធានាពីវិមានក្រឹមឡាំងថា រូបលោកព្រមទាំងសមាជិក Wagner ទាំងឡាយ អាចនិរទេសខ្លួនទៅកាន់បេឡារុស ដោយមិនត្រូវយកទោសពៃឡើយ។
គួរបញ្ជាក់ថា លោក Gerasimov គឺជាបុគ្គលដែលមានអំណាចធំបំផុតទី៣ នៅក្នុងជួរយោធារុស្ស៉ី បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រមុខការពារជាតិរុស្ស៉ី លោក សូយហ្គូ។ ឧត្តមសេនីយរុស្ស៉ីវ័យ៦៧ឆ្នាំរូបនេះ ត្រូវបានលោក ពូទីន តែងតាំងជានាយអគ្គសេនាធិការកងទ័ពរុស្ស៉ី និងជាអនុរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ ពោលគឺ៣ថ្ងៃ បន្ទាប់ពីលោក សូយហ្គូ ដែលជាសម្ព័ន្ធមិត្តយូរអង្វែងមកហើយរបស់លោក ពូទីន បានក្លាយជារដ្ឋមន្រ្តីការពារជាតិ។ លោក Gerasimov ក៏បានដើរតួនាទីគន្លឹះផងដែរ ក្នុងការក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ និងនៅក្នុងការគាំទ្រផ្នែកយោធាដ៏សំខាន់របស់រុស្ស៉ី សម្រាប់ប្រធានាធិបតីស៉ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) នៅក្នុងសង្រ្គាមស៉ីវិលស៉ីរី៕