(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា មនុស្សសរុបចំនួន៦នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួស ក្នុងហេតុការវាយប្រហារ ​នៅឯសាលាមត្តេយ្យមួយកន្លែង ក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន នាថ្ងៃចន្ទនេះ។ នេះបើតាមការ​ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។

អ្នកនាំពាក្យនៃរដ្ឋបាលទីក្រុងលានជាំង (Lianjiang) ដែលជាទីក្រុងកើតហេតុ បានប្រាប់ថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ រួមមានគ្រូបង្រៀនម្នាក់ អាណាព្យាបាល២នាក់ និងកូនសិស្ស៣នាក់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណ អាយុជនរងគ្រោះ ឬប្រភេទអាវុធ ដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារឡើយ។ យ៉ាងណាក្តី បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ករណីនោះគឺជាការវាយប្រហារដោយ​កាំបិត ខណៈប៉ូលិសប្រចាំមូលដ្ឋានបាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ដែលជាបុរសវ័យ២៥នាក់ មានត្រកូល វូ (Wu) ហើយការស៉ើបអង្កេតកំពុងតែបន្ត។

គួរបញ្ជាក់ថា ស្របពេលដែលការប្រើប្រាស់និងកាន់កាប់កាំភ្លើង មានការរឹតត្បិតខ្លាំង ប្រទេសចិនបានប្រឈមការវាយប្រហារជាបន្តបន្ទាប់ ដោយប្រើប្រាស់កាំបិត។ តួយ៉ាងកាលពីខែសីហា ឆ្នាំមុន មនុស្ស៣នាក់បានស្លាប់ និង៦នាក់រងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅ​សាលាមត្តេយ្យ ក្នុងខេត្តជាំងស៉ី (Jiangxi) ភាគអាគ្នេយ៍។ រីឯកាលពីខែមេសា ឆ្នាំ២០២១ កុមារ២នាក់បានស្លាប់ និង១៦នាក់រងរបួស នៅពេលបុរសម្នាក់ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពវាយប្រហារនៅសាលាមត្តេយ្យ ក្នុងតំបន់ភាគខាងត្បូងចិន។ ចំណែក កាលពីខែមិថុនា ឆ្នាំ២០២០វិញ កូនសិស្សរហូតដល់៣៧នាក់ និងមនុស្សពេញវ័យ២នាក់ បានទទួលរងរបួស ក្នុងសកម្មភាពវាយប្រហារដោយកាំបិត នៅសាលាបឋមសិក្សាមួយ ក្នុងភាគខាងត្បូងប្រទេសចិន៕