(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានអះអាងថាខ្លួនបានសម្លាប់មេដឹកនាំម្នាក់របស់ក្រុម ISIS នៅក្នុងតំបន់ភាគកើតប្រទេសស៊ីរី នៅក្នុងការវាយប្រហារដោយប្រើ យន្ដហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
បើតាមបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា (US Central Command) ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើធ្វើឡើងកាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយបានផ្ដាច់ជីវិតមេដឹកនាំក្រុម ISIS ឈ្មោះ អូសាម៉ា អាល់ មូហាជឺ (Osama al-Muhajer)។ បញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងនៅតែមានការប្ដេជ្ញាចិត្តក្នុងការកម្ចាត់ក្រុម ISIS នៅទូទាំងតំបន់... ISIS មិនមែនគំរាមកំហែង ត្រឹមតែតំបន់ប៉ុណ្ណោះទេ តែគឺពិភពលោកទាំងមូលតែម្ដង»។
គួរបញ្ជាក់ថា បើតាមបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិក មិនមានជនស៊ីវិលណាម្នាក់បាត់បង់ជីវិតនៅក្នុងប្រតិបត្តិការយោធាខាងលើនោះទេ ប៉ុន្តែកងកម្លាំងមកពី ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក កំពុងវាយតម្លៃពីសេចក្ដីរាយការណ៍ថាមានជនស៊ីវិលរងរបួស៕