(វ៉ាស៊ីនតោន)៖ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះទឹកជំនន់នៅតាមផ្នែកខ្លះនៃរដ្ឋ New York និងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយ ក្រុមអ្នកជួយសង្រ្គោះបានសង្រ្គោះមនុស្សដែលជាប់នៅក្នុងរថយន្ដមួយចំនួន នៅតាមបណ្ដោយផ្លូវដែលបានជន់លិច ខណៈអាកាសធាតុអាក្រក់នឹងបន្តកើតមាន ក្នុងតំបន់ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
លោក Mike Lawler ជាសមាជិកសភាតំណាងរាស្ត្រមកពីតំបន់ Hudson Valley នៃរដ្ឋ New York ស្ថិតនៅភាគខាងជើងទីក្រុង New York បានបង្ហោះវីដេអូ និងរូបភាពជាច្រើនសន្លឹក នៅលើបណ្ដាញ Twitter ដោយបង្ហាញពីទឹកជំនន់ក្នុងទីក្រុង Stony Point ជាទីក្រុងតូចមួយស្ថិតនៅតាមបណ្ដោយទន្លេ Hudson River ចម្ងាយប្រហែល ៦៤គីឡូម៉ែត្រ ពីសង្កាត់ Manhattan។
លោក Mike Lawler បានគូសបញ្ជាក់ដូច្នេះថា «ទឹកជំនន់យ៉ាងខ្លាំងក្នុងទីក្រុង Stony Point លិចទាំងផ្ទះ និងរថយន្ដ ហើយមនុស្សជាច្រើនត្រូវបានជម្លៀស»។
គ្រោះទឹកជំនន់ដូចគ្នានេះក៏បានកើតឡើងក្នុងរដ្ឋ Pennsylvania ផងដែរ។ ស្ថានីយទូរទស្សន៍ Weather Channel បានបង្ហោះវីដេអូបង្ហាញពីវីដេអូជន់លិចក្នុងទីក្រុង Quakertown ស្ថិតនៅចម្ងាយ ២៤គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង Allentown ជាទីដែលមនុស្សម្នាក់ជាប់ក្នុងរថយន្ដត្រូវបានសង្រ្គោះ៕