(ម៉ាឌ្រីដ)៖ មនុស្សយ៉ាងហោច ៣០០នាក់ ដែលជិះនៅលើទូកដឹកជនអន្តោប្រវេសន៍ចំនួន ៣គ្រឿង ធ្វើដំណើរមកពីប្រទេសសេណេហ្កាល់ ឆ្ពោះទៅកាន់កោះ Canary នៃប្រទេសអេស្ប៉ាញ បានបាត់ខ្លួន អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ នេះបើតាមអង្គការគាំពារជនអន្តោប្រវេសន៍ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។
អង្គការគាំពារជនអន្តោប្រវេសន៍ Walking Borders បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅថាក្នុងចំណោមទូកទាំង៣គ្រឿងខាងលើ មានទូកមួយគ្រឿងដឹក មនុស្ស ៦៥នាក់ និងមួយគ្រឿងទៀតផ្ទុកមនុស្សចន្លោះពី៥០ ទៅ៦០នាក់ ខណៈទូកទី៣ ដឹកមនុស្ស ២០០នាក់។ ទូកទាំង៣គ្រឿងនេះបានបាត់ខ្លួនអស់រយៈពេល ១៥ថ្ងៃមកហើយ ចាប់តាំងពីចាកចេញពីភូមិ កាហ្វូនទីន (Kafountine) នៃភាគខាងត្បូងប្រទេសសេណេហ្កាល់ ឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញ ក្នុងចម្ងាយផ្លូវជាង ១,៧០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា កោះ Canary នៃប្រទេសអេស្ប៉ាញដែលស្ថិតនៅជាប់ឆ្នេរនៃតំបន់អាហ្វ្រិកខាងលិច បានក្លាយជាគោលដៅដ៏ចម្បងសម្រាប់ជនអន្តោប្រវេសន៍ ដែលចង់កសាង ជីវិតថ្មីនៅលើទឹកដីអឺរ៉ុប ទោះជាត្រូវប្រថុយនឹងការស្លាប់ក៏ដោយ។ ពោលគឺបើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កាលពីឆ្នាំ២០២២ មានមនុស្សយ៉ាងហោច ៥៥៩នាក់ ក្នុងនោះមាន ២២ជាកុមារ បានស្លាប់ ក្នុងពេលព្យាយាមធ្វើដំណើរតាមទូកឆ្ពោះទៅកាន់កោះ Canary៕