(ម៉ានីល)៖ មន្ត្រីឆ្មាំសមុទ្របានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ហ្វីលីពីននឹងបង្កើនការល្បាតនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង បន្ទាប់ពីពេលថ្មីៗនេះអាជ្ញាធរបានកត់ត្រានាវា «កងជីវពលសមុទ្រចិន» ជិត ៥០គ្រឿងចូលទៅក្នុងដែនទឹកដែលមានជម្លោះ និងសម្បូរធនធាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

កងកម្លាំងប្រដាប់អាវុធ នៃប្រទេសហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃសុក្រថា ខ្លួនបានឃើញនាវាចំនួន ៤៨ គ្រឿងដែលគេជឿថា ជាកម្មសិទ្ធិរបស់ «កងជីវពលដែនសមុទ្រចិន» ក្នុងអំឡុងពេលល្បាតតាមអាកាសកាលពីចុងខែមិថុនា។ នាវាទាំងនោះត្រូវ​បាន​គេ​ប្រទះ​ឃើញ ​ស្ថិតក្នុងតំបន់​ថ្មប៉ប្រះទឹក Iroquois ដែល​អាជ្ញាធរ​ហ្វីលីពីនអះអាងថា ជាតំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់ខ្លួន។

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បាននិយាយនៅក្នុងបទសម្ភាសន៍តាមវិទ្យុថា «ផ្អែកលើការត្រួតពិនិត្យចុងក្រោយរបស់យើង នៅតែមានកងជីវពលដែនសមុទ្ររបស់ចិន មានវត្តមាននៅក្នុងតំបន់…ដូច្នេះឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងបង្កើនការល្បាតនៅសប្តាហ៍ក្រោយ ដើម្បីធានាថាពួកគេចាកចេញពីថ្មប៉ប្រះទឹកនោះ»

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែមេសា នាវាចិនជាង ១០០គ្រឿងក៏ត្រូវបានរកឃើញនៅក្នុងដែនទឹកហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង រួមទាំងកងជីវពលសមុទ្រចិន និងនាវាឆ្មាំសមុទ្រចិនពីរគ្រឿងផងដែរ។

ចិនបានទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុង នៃសមុទ្រចិនខាងត្បូង ដោយផ្អែកលើអ្វីដែលគេហៅថា «បន្ទាត់ប្រាំបួន» ដែលលាតសន្ធឹងជាង ១,៥០០គីឡូម៉ែត្រពីដីគោករបស់ចិន និងកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសជាច្រើន រួមទាំងហ្វីលីពីនផងដែរ។

តុលាការអន្តរជាតិនៅទីក្រុងឡាអេបានច្រានចោលការទាមទាររបស់ចិន កាលពីឆ្នាំ២០១៦ ប៉ុន្តែទីក្រុងប៉េកាំងមិនបានទទួលស្គាល់សេចក្តីសម្រេចនេះទេ ហើយបានអភិវឌ្ឍវត្តមានយោធារបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការសាងសង់មូលដ្ឋានកោះសិប្បនិម្មិតនៅក្នុងដែនទឹកដែលមានជម្លោះ៕