(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសបារាំងបានហាមឃាត់ការលក់ដូរ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីកុបកម្មដែលបង្កឡើងដោយនគបាលដែលបានបាញ់សម្លាប់ក្មេងជំទង់ម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។
កាំជ្រួចគឺជាអាវុធក្នុងចំណោមអាវុធដែលជ្រើសរើសក្នុងអំឡុងពេលកុប្បកម្ម ដែលបានផ្ទុះឡើងក្នុងប្រទេសបារាំង បន្ទាប់ពីមន្ត្រីប៉ូលីសម្នាក់ បានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់កាលពីថ្ងៃទី ២៧ខែមិថុនា នៅក្បែរទីក្រុងប៉ារីស។
ក្រិត្យរបស់រដ្ឋាភិបាលបានចុះផ្សាយក្នុងព្រឹត្តិបត្រផ្លូវការនៅថ្ងៃអាទិត្យនេះថា «ដើម្បីការពារហានិភ័យនៃការរំខានធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពិធីបុណ្យថ្ងៃទី១៤ ខែកក្កដា ការលក់ កាន់កាប់ ដឹកជញ្ជូន និងការប្រើប្រាស់សារធាតុពុល និងកាំជ្រួចត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី១៥ ខែកក្កដា»។
ទោះជាយ៉ាងណាក្រឹត្យបានគូសបញ្ជាក់ថា ការហាមឃាត់មិនអនុវត្តចំពោះអ្នកជំនាញ ឬសាលាក្រុងដែលរៀបចំកាំជ្រួចប្រពៃណីសម្រាប់ការប្រារព្ធពិធីបុណ្យ Bastille Day នោះទេ។
កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne បានប្រាប់កាសែត Le Parisien ថា រដ្ឋាភិបាលនឹងប្រើប្រាស់ «មធ្យោបាយដ៏ធំសម្បើមដើម្បីការពារជនជាតិបារាំង» ក្នុងអំឡុងពេលបុណ្យជាតិ ដោយសារការភ័យខ្លាចនៃកុប្បកម្មកើតឡើងជាថ្មី។
គួរបញ្ជាក់ថា ការបង្ហាញកាំជ្រួចគឺជាលក្ខណៈពិសេសប្រចាំឆ្នាំ នៃការប្រារព្ធទិវា Bastille ខណៈកាំជ្រួចក៏ត្រូវបានគេប្រើជាញឹកញាប់ក្នុងអំឡុងពេលបាតុកម្មនៅក្នុងប្រទេសផងដែរ។ យោងតាមតួលេខផ្លូវការ មនុស្សជាង ៣,៧០០នាក់ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង ក្នុងការជាប់ពាក់ព័ន្ធនឹងការតវ៉ា ចាប់តាំងពីការស្លាប់របស់យុវជន Nael ក្នុងនោះរួមទាំងអនីតិជនយ៉ាងហោចណាស់១,១៦០នាក់ផងដែរ។