(វ៉ាស៊ីនតោន)៖ នៅទីបំផុតទៅ សហរដ្ឋអាមេរិក បានសម្រេចចិត្តហើយថានឹងបញ្ជូន «គ្រាប់បែកចង្កោម»​ ទៅឱ្យទីក្រុងកៀវ ដើម្បីជួយដល់ប្រតិបត្តិការវាយបក របស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៉ី។ គ្រាប់បែកចង្កោមនឹងត្រូវបានផ្ដល់ឱ្យអ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាថ្មីនៃរដ្ឋបាលលោក ចូ បៃដិន មានទំហំ ៨០០លានដុល្លារ ខណៈអ៊ុយក្រែនផ្ទាល់បានសន្យាថានឹងមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះនៅក្នុងទឹកដីរុស្ស៉ីនោះទេ។

ក៏ប៉ុន្តែ សម្ព័ន្ធមិត្តអាមេរិកមួយចំនួនដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ នូវែលសេឡង់ រួមទាំងកាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃ អនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម បានបង្ហាញជំហរជំទាស់ទៅនឹងការប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងសង្រ្គាមអ៊ុយក្រែន រីឯអង្គការសិទ្ធិមនុស្សអន្តរជាតិ ជាច្រើនបាននាំគ្នាថ្កោលទោសការសម្រេចចិត្តរបស់រដ្ឋបាលលោក បៃដិន។ យ៉ាងណាក៏ដោយ អ្នកដែលគាំទ្រអ៊ុយក្រែនយល់ថាការបញ្ជូនគ្រាប់បែកចង្កោម គឺជា រឿងត្រឹមត្រូវ ដ្បិតរុស្ស៉ីបានប្រើប្រាស់គ្រាប់បែកនេះនៅក្នុងសង្រ្គាមអ៊ុយក្រែនរួចទៅហើយ។ ខាងក្រោមនេះគឺជាចំណុចគួរដឹងពីគ្រាប់បែកចង្កោម និងថាតើ ហេតុអ្វីបានជាសហរដ្ឋអាមេរិក ទើបតែយល់ព្រមផ្ដល់ឱ្យអ៊ុយក្រែននៅពេលនេះ?

* តើអ្វីទៅជាគ្រាប់បែកចង្កោម?

គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលអាចទម្លាក់ចេញពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ដោយវាអាចបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ លើទំហំ ផ្ទៃដីដ៏ធំ។ គ្រាប់បែកតូចៗត្រូវបានបង្កើតដើម្បីកម្ទេចរថក្រោះ និងបរិក្ខារយោធាមួយចំនួន រួមទាំងកងទ័ព និងអាចវាយប្រហារលើគោលដៅជាច្រើនក្នុងពេលតែ មួយផងដែរ។ គ្រាប់បែកចង្កោម ត្រូវបានគេរាយការណ៍ថាអាចបាញ់ចេញពីកាំភ្លើងធំដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្ដល់អ៊ុយក្រែន ក្នុងនោះដូចជា កាំភ្លើងធំ howitzers ហើយប្រភេទគ្រាប់បែកចង្កោមដែលទីក្រុងវ៉ាស៊ីនតោននឹងផ្គត់ផ្គង់ឱ្យអ៊ុយក្រែន គឺនឹងត្រូវប្រើជាមួយគ្រាប់កំាភ្លើងធំ ១៥៥មីលីម៉ែត្រ ដែលកំពុងត្រូវបានប្រើនៅលើសមរភូមិយ៉ាងទូលំទូលាយ។

នៅក្នុងជម្លោះជាច្រើនកាលពីអតីតកាល គ្រាប់បែកចង្កោមមានអត្រាមិនផ្ទុះភ្លាមៗក្នុងកម្រិតខ្ពស់ ដោយគ្រាប់បែកតូចៗមិនផ្ទុះរាប់ពាន់គ្រាប់ត្រូវរប៉ាត់រប៉ាយ ពាសពេញដី ដែលវាអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វ រហូតមកទល់នឹងបច្ចុប្បន្ន។ សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់បែកចង្កោម ចុងក្រោយបំផុត ក្នុងសង្រ្គាមនៅអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣។

* ហេតុអ្វីត្រូវផ្ដល់ឱ្យអ៊ុយក្រែន ក្នុងពេលនេះ?

អស់រយៈពេលច្រើនជាងមួយឆ្នាំមកនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនជំនួយជាអាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំង គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្ររាប់លានគ្រាប់។ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ មានសមត្ថភាពវាយប្រហារលើគោលដៅក្នុងចម្ងាយពី២៤ ដល់៣២គីឡូម៉ែត្រ ។ ប៉ុន្តែក្នុងពេលជាមួយគ្នា កងទ័ពអ៊ុយក្រែនបានប្រើប្រាស់គ្រាប់កាំភ្លើងធំច្រើនលើសលប់ សឹងតែសហរដ្ឋអាមេរិក និង NATO ផលិតមិនទាន់។

បើតាមក្រុមមន្ត្រីអ៊ុយក្រែន កងទ័ពអ៊ុយក្រែនត្រូវការប្រើប្រាស់គ្រាប់កាំភ្លើងធំពី៧,០០០គ្រាប់ ដល់ ៩,០០០គ្រាប់ក្នុងមួយថ្ងៃ ដើម្បីបង្កើនប្រតិបត្តិការវាយបក ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ដែលនេះបាន និងកំពុងធ្វើឱ្យការស្វែងរកគ្រាប់កាំភ្លើងធំក្លាយជាសម្ពាធមួយដ៏ធ្ងន់សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច។ ដូច្នេះក្រុមអ្នកវិភាគយោធាខ្លះយល់ថាការផ្ដល់ «គ្រាប់បែកចង្កោម» គឺជាជម្រើសមួយដ៏ល្អដែលអាចជួយសម្រាលបន្ទុកនេះ ពីព្រោះវានឹងផ្ដល់ លទ្ធភាពឱ្យអ៊ុយក្រែនបើកការវាយប្រហារកម្ទេចគោលដៅសត្រូវច្រើនក្នុងពេលតែមួយ។ ម្យ៉ាងវិញទៀត ដោយសារតែឈប់ប្រើគ្រាប់បែកចង្កោម ចាប់តាំងពី ឆ្នាំ២០០៣មក សហរដ្ឋអាមេរិកមានអាវុធប្រភេទនេះនៅសល់ពេញក្នុងស្ដុកអាវុធ។

នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់រដ្ឋបាលលោក ចូ បៃដិន កាលពីខែមីនាកន្លងទៅ អ្នកតំណារាស្ត្រជាន់ខ្ពស់អាមេរិកជាច្រើនរូប ទាំងមកពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាបាននិយាយថាសហរដ្ឋអាមេរិកមាននៅសល់គ្រាប់បែកចង្កោមយ៉ាងហោច ៣លានគ្រាប់ និងបានជំរុញឱ្យសេតវិមានបញ្ជូនគ្រាប់បែកទាំងនេះ ឱ្យអ៊ុយក្រែ​ដើម្បីជួយសម្រាលបន្ទុកក្នុងការផ្ដល់ជំនួយអាវុធរបស់សហរដ្ឋអាមេរិក។

* តើការប្រើប្រាស់គ្រាប់បែកចង្កោម ជាឧក្រិដ្ឋកម្មសង្រ្គាម ឬ?

ការប្រើប្រាស់គ្រាប់បែកចង្កោម គឺមិនខុសច្បាប់អន្តរជាតិនោះទេ ប៉ុន្តែបើប្រើប្រាស់ប្រឆាំងនឹងជនស៊ីវិលទើបជារឿងខុសច្បាប់។ ត្រង់ចំណុចនេះគេត្រូវយល់ថា គ្រប់ការវាយប្រហារទាំងអស់ដែលត្រូវចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមឬក៏យ៉ាងណា ត្រូវមើលលើហេតុផល និងធាតុផ្សំដូចជាថាតើគោលដៅត្រូវវាយប្រហារ នោះគឺជាគោលដៅស្របច្បាប់ដែរឬទេ? ពោលគឺជាគោលដៅស៊ីវិល ឬយោធា? ហើយថាតើក្នុងពេលវាយប្រហារនោះដែរ មានការដាក់ចេញវិធានការបង្ការ នានា ដើម្បីបញ្ចៀសកុំឱ្យមានជនស៊ីវិលស្លាប់ និងរងរបួសដែរឬក៏អត់? និយាយជារួម បញ្ហាវាមិនមែនស្ថិតនៅលើអាវុធនោះទេ តែគឺស្ថិតនៅលើថាតើអាវុធ ទាំងនោះត្រូវបានប្រើប្រាស់ដោយរបៀបណា?

អនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមមានប្រទេសចំនួន ១២៣ជាហត្ថលេខី ដោយពួកគេបានព្រមព្រៀងគ្នាថានឹងមិនប្រើគ្រាប់បែកចង្កោម ផលិត ផ្ទេរ ឬក៏ស្ដុកទុកនោះឡើយ។ តែសហរដ្ឋអាមេរិក រុស្ស៉ី និងអ៊ុយក្រែន មិនមានជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះទេ។

*តើគ្រាប់បែកចង្កោមធ្លាប់ត្រូវបានប្រើនៅទីណាខ្លះ?

គ្រាប់បែកចង្កោម ធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងសង្រ្គាមជាច្រើនកាលពីអតីតកាល ក្នុងនោះរួមមានទាំងសង្រ្គាមដែលសហរដ្ឋអាមេរិកបានចូលរួម។ បើតាម អង្គការ Human Rights Watch សហរដ្ឋអាមេរិកបានធ្វើសមាហរណកម្មបញ្ចូលគ្រាប់បែកចង្កោមទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន នៅអំឡុងសង្រ្គាមឈ្លានពានលើ អាហ្វហ្កានីស្ថាន ដែលបានផ្ទុះឡើងនៅឆ្នាំ២០០១។ អង្គការដដែលនេះបានវាយតម្លៃថាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោម ច្រើនជាង ១,៥០០គ្រាប់ ក្នុងប្រទេសអាហ្វហ្កានីស្ថាន នារយៈពេល៣ឆ្នាំដំបូងនៃសង្រ្គាមនេះ។

ក្រសួងការពារជាតិអាមេរិកកាលពីឆ្នាំ២០១៩ ធ្លាប់មានគម្រោងបញ្ឈប់ការប្រើគ្រាប់បែកចង្កោមទាំងឡាយណាដែលមានអត្រាមិនផ្ទុះភ្លាមៗលើស ១ភាគរយ ប៉ុន្តែរដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលគម្រោងនេះ ដោយអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពអាមេរិកអនុម័តការបន្តប្រើប្រាស់អាវុធប្រភេទនេះ។ ក្រៅតែ សហរដ្ឋអាមេរិក កងកម្លាំងស៊ីរីរបស់ប្រធានាធីបតីបាស្សា អាល់អាសាដ បានប្រើប្រាស់គ្រាប់បែកចង្កោមផ្គត់ផ្គង់ដោយរុស្ស៉ីប្រឆាំងនឹងក្រុមឧទ្ទាម អំឡុងសង្រ្គាម ស៊ីវិល ហើយអ៉ីស្រាអែលប្រើគ្រាប់បែកចង្កោមលើទីប្រជុំជននៅភាគខាងត្បូងប្រទេសលីបង់ ជាពិសេសអំឡុងសង្រ្គាមក្នុងឆ្នាំ១៩៨២។ អង្គការ Human Rights Watch និងអង្គការសហប្រជាជាតិក៏បានចោទប្រកាន់ដែរថាអ៉ីស្រាអែលបានប្រើគ្រាប់បែកចង្កោមជាង ៤លានគ្រាប់ ក្នុងសង្រ្គាមជាមួយក្រុមហេសប៊ូលឡា នៅលីបង់ កាលពីឆ្នាំ២០០៦ ដោយបន្សល់ទុកគ្រាប់បែកមិនទាន់ផ្ទុះជាច្រើនសន្ធឹកសន្ធាប់ដែលកំពុងគំរាមកំហែងដល់អាយុជីវិតជនស៊ីវិលលីបង់ មកទល់នឹង សព្វថ្ងៃ។

ដោយឡែ​ក ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែន ក៏ធ្លាប់រងការថ្កោលទោសផងដែរ ជុំវិញការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់។ ចំណែក រុស្ស៉ីបានប្រើគ្រាប់បែកចង្កោមក្នុងសង្រ្គាមឈ្លានពានលើអាហ្វហ្កានីស្ថាន ហើយកម្ពុជាវិញធ្លាប់រង ការឈឺចាប់ពីការទម្លាក់គ្រាប់បែកចង្កោមដោយសហរដ្ឋអាមេរិកដែរ នាដើមទសវត្សរ៍ ១៩៧០៕