(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដានេះ បានរិះគន់ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ជុំវិញការអនុញ្ញាតឱ្យជប៉ុនបញ្ចេញទឹកដែល ត្រូវបានធ្វើប្រព្រឹត្តកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA កាលពីពេលថ្មីៗនេះ បានអនុម័តលើផែនការរបស់ទីក្រុងតូក្យូ ក្នុងការបញ្ចេញទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលធ្លាប់រងការខូចខាតដោយសាររលកយក្សស៊ូណាមិ។ ប៉ុន្តែ ផែនការនេះបានបង្កឱ្យមានការព្រួយបារម្ភពីបណ្ដាប្រទេសក្បែរខាងមួយចំនួនដូចជាចិនដែលបាន សម្រេចចិត្តហាមឃាត់ការនាំចូលផលិតផលចំណីអាហារមួយចំនួនពីជប៉ុន ព្រមទាំងបង្កឱ្យមានបាតុកកម្មតវ៉ានៅក្នុងប្រទេសកូរ៉េខាងត្បូង។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA មន្ត្រីកូរ៉េខាងជើងម្នាក់បានលើកឡើងការបញ្ចេញទឹកចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima នឹង បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ព្រមទាំងសន្តិសុខ និងប្រព័ន្ធអេឡូស៊ីនៃបរិស្ថាន។ មន្ត្រីរូបនេះដដែលបានបន្ថែមថាវាគ្មានហេតុផលអ្វីសោះដែល IAEA ត្រូវអនុញ្ញាត ឱ្យជប៉ុនបញ្ចេញទឹកទាំងនោះចូលទៅក្នុងសមុទ្រ។

គួរបញ្ជាក់ថា​ ទាំងរដ្ឋាភិបាល និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានធានាថាទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima មានផលប៉ះពាល់ តិចតួចបំផុត៕