(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដាថាចក្រភពអង់គ្លេសមិនលើកទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីផែនការផ្ដល់គ្រាប់បែកប្រភេទនេះទៅឱ្យអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តធំៗរបស់អាមេរិកដូចជា នូវែលសេឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដា បង្ហាញជំហរជំទាស់នឹងការប្រើប្រាស់ និងផ្គត់ផ្គង់គ្រាប់បែកចង្កោម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian។

កាលពីថ្ងៃសុក្រកន្លងទៅ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញមុខការពារនូវអ្វីដែលលោកហៅថាជាការសម្រេចចិត្តដ៏លំបាក ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន បើទោះជាមានការរិះគន់ និងការជំទាស់ពីអង្គការការពារសិទ្ធិមនុស្សអន្តរជាតិជាច្រើនក៏ដោយ។ គ្រាប់បែកចង្កោមអាចត្រូវបានគេប្រើប្រាស់តាមរយៈការទម្លាក់ចេញ ពីយន្ដហោះ ឬបាញ់ចេញពីកាំភ្លើងធំ ជាមួយការបញ្ចេញគ្រាប់បែកតូចៗរប៉ាត់រប៉ាយ ហើយអ្វីដែលជាបញ្ហាចោទ នោះគឺនៅក្នុងចំណោមគ្រាប់បែកចង្កោមមួយភាគធំ ត្រូវបាន គេរាយការណ៍ថាមិនបានផ្ទុះភ្លាមៗនោះទេ ដែលនេះអាចនឹងបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្សនៅពេលក្រោយ។

បើតាមលោក Rishi Sunak ចក្រភពអង់គ្លេសដែលជាប្រទេសហត្ថលេខីមួយលើអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម នឹងមិនផ្ដល់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែននោះទេ ហើយក៏នឹងមិនធ្វើតាមរដ្ឋបាលលោក ចូ បៃដិន នោះដែរ ប៉ុន្តែនឹងបន្តគាំទ្រអ៊ុយក្រែនតាមវិធីផ្សេង។ លោក Sunak មិនបានរិះគន់លើការសម្រេចចិត្តរបស់ លោក ចូ បៃដិន នោះទេ ដោយគ្រាន់តែលើកឡើងថាទីក្រុងឡុងដ៍នឹងមិនលើកទឹកចិត្តឱ្យប្រើប្រាស់គ្រាប់បែកចង្កោមទេ អនុលោមតាមអនុសញ្ញាអន្តរជាតិ។

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកតួយ៉ាងដូចជា នូវែលសេឡង់ អាល្លឺម៉ង់ អេស្ប៉ាញ និងកាណាដាដែលសុទ្ធសឹងស្ថិតក្នុងចំណោមប្រទេសចំនួន១២៣ នៃអនុសញ្ញាហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោម បានរិះគន់ការបញ្ជូនគ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន ហើយអះអាងថាពួកគេនឹងមិនផ្ដល់អាវុធប្រភេទនេះឱ្យទីក្រុងកៀវឡើយ៕