(វ៉ាស៊ីនតោន)៖ មនុស្សទាំង ៦នាក់ ដែលជិះនៅលើយន្ដហោះខ្នាតតូចមួយគ្រឿងបានស្លាប់ទាំងអស់ នៅពេលដែលយន្ដហោះរបស់ពួកគេបានធ្លាក់ និងផ្ទុះឆេះនៅឯទីវាល មួយកន្លែងស្ថិតនៅជិតអាកាសយានដ្ឋានមួយ ក្បែរទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។

បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់សហរដ្ឋអាមេរិក យន្ដហោះខ្នាតតូចខាងលើគឺជាយន្ដហោះឯកជនប្រភេទ Cessna C550 បានធ្វើដំណើរចាកចេញពីទីក្រុង Las Vegas និងបានធ្លាក់ នៅក្បែរអាកាសយានដ្ឋាន French Valley ក្នុងតំបន់ Riverside County ដែលស្ថិតនៅចម្ងាយ១៣៧គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Los Angeles នៅម៉ោងប្រហែល ៤៖១៥នាទីទៀបភ្លឺ។ ចំណែក អ្នកដំណើរ និងពីឡុតដែលបានស្លាប់ត្រូវបានគេរាយការណ៍ថាសុទ្ធសឹងជាមនុស្សពេញវ័យ ហើយមូលហេតុធ្លាក់កំពុង ស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ យន្ដហោះខ្នាតតូចមួយគ្រឿងមានកៅអីសម្រាប់មនុស្ស៤នាក់ ក៏បានធ្លាក់នៅក្បែរអាកាសយានដ្ឋានខាងលើផងដែរ ដោយ បានសម្លាប់ពីឡុតម្នាក់ និងធ្វើឱ្យអ្នកដំណើរ ៣នាក់ផ្សេងទៀតជាក្មេងជំទង់បានរងរបួស៕