(ខាទុំ)៖ ក្រុមមន្ត្រីសុខាភិបាល បានឱ្យដឹងថាការវាយប្រហារឆ្មក់តាមផ្លូវអាកាសលើទីក្រុងមួយក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងហោច ២២នាក់ ដែលនេះជា ការវាយប្រហារសម្លាប់ជីវិតមនុស្សច្រើនបំផុតមួយ នៅក្នុងការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា អស់រយៈពេលរាប់សប្ដាហ៍មកនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានបញ្ជាក់ការវាយប្រហារខាងលើកើតឡើងកាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា នៅឯតំបន់ទីប្រជុំជនមួយនៃ ទីក្រុង អូមឌួរម៉ាន់ (Omdurman) ស្ថិតនៅក្បែរនៃរដ្ឋធានីខាទុំ។ ការវាយប្រហារនេះដែរដែលបានបណ្ដាលឱ្យមនុស្សជាច្រើននាក់រងរបួសផងនោះ ត្រូវបានថ្កោលទោស យ៉ាងខ្លាំងពីសំណាក់អង្គការសហប្រជាជាតិ។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារនេះជាស្នាដៃរបស់ភាគីជម្លោះណាមួយទេ ខណៈកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ចោទប្រកាន់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ ការវាយប្រហារតាមផ្លូវអាកាសមួយក៏បានសម្លាប់មនុស្សយ៉ាងហោច ១៧នាក់ផងដែរ ក្នុងនោះរួមមានកុមារ៥នាក់ នៅឯរដ្ឋធានីខាទុំ៕