(អង់ការ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ចប់ការបំពេញទស្សនកិច្ចក្នុងប្រទេសតួកគី ដោយនាំអតីតមេបញ្ជាការអ៊ុយក្រែន៥រូប ដែល ការពាររោងចក្រដែកថែប អាសូវស្ដល (Azovstal) ត្រឡប់ទៅផ្ទះវិញជាមួយ ខណៈទីក្រុងមូស្គូចោទថាការធ្វើបែបនេះជាទង្វើបំពានលក្ខខណ្ឌដោះដូរឈ្លើយសឹកដែល បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។
មេបញ្ជាការទាំង៥រូបខាងលើដែលត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថាជាវីរបុរស បានដឹកនាំការធ្វើសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេស និងជាទីក្រុងដែលកងកម្លាំងរុស្ស៉ីដណ្ដើមកាន់កាប់កាលពីឆ្នាំ២០២២កន្លងទៅ។ លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា បានបង្ហោះវីដេអូមួយមានរយៈពេល ១នាទី ដែលបង្ហាញពីរូបលោកផ្ទាល់ និងក្រុមមន្ត្រីដទៃដែលបានចាប់ដៃ ព្រមទាំងឱបមេបញ្ជាការទាំង៥រូបនេះដោយទឹក មុខញញឹម មុនពេលពួកគេឡើងជិះយន្ដហោះមួយគ្រឿងរបស់ប្រទេសឆែក ត្រឡប់ទៅអ៊ុយក្រែនវិញ។
លោក ហ្សេលេនស្គី ដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីតួកគេ អឺដូហ្កាន់ ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល កាលពីថ្ងៃសុក្រកន្លងទៅ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងចាកចេញពីតួកគីត្រឡប់ទៅផ្ទះវិញ ហើយនាំវីរបុរសរបស់យើងត្រឡប់ទៅផ្ទះវិញផងដែរ»។
គួរបញ្ជាក់ថា វិមានក្រឹមឡាំងបានចោទថាការធ្វើបែបនេះជាទង្វើបំពានលក្ខខណ្ឌដោះដូរឈ្លើយសឹកដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០២២។ ទីក្រុងកៀវបានបញ្ជាឱ្យ កងទ័ពរបស់ខ្លួនដែលការពាររោងចក្រដែកថែប អាសូវស្ដល (Azovstal) ក្នុងទីក្រុងម៉ារីយូប៉ូល ទម្លាក់អាវុធចុះចាញ់ការឡោមព័ទ្ធពីកងកម្លាំងរុស្ស៉ី កាលពីខែឧសភា ឆ្នាំ២០២២។ រុស្ស៉ីបានដោះលែងកងកម្លាំងអ៊ុយក្រែនជាច្រើននាក់ ក្រោមកិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក សម្របសម្រួលដោយតួកគី ហើយនៅក្រោមកិច្ចព្រមព្រៀង នេះដែរ មេបញ្ជាការទាំង៥រូប ត្រូវតម្រូវឱ្យស្នាក់ក្នុងប្រទេសតួកគី រហូតដល់សង្រ្គាមបញ្ចប់។ ប៉ុន្តែ លោក ហ្សេលេនស្គី មិនបានពន្យល់នោះទេថាតើហេតុអ្វីបានជា មេបញ្ជាការទាំង៥ ត្រូវបានដោះលែងនៅពេលនេះ រីឯតួកគីក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕