(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) បានស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមមកឲ្យទីក្រុងកៀវ ប៉ុន្តែប្តេជ្ញាថា អាវុធយុទ្ធភណ្ឌនឹងមិនត្រូវបានប្រើនៅក្នុងប្រទេសរុស្ស៉ីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

លោក រ៉េសនីកូវ និយាយថា គ្រាប់បែកចង្កោមនេះនឹងជួយសង្រ្គោះជីវិតទាហានអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែននឹងកំណត់ការប្រើប្រាស់វាយ៉ាងតឹងរ៉ឹង ហើយផ្លាស់ប្តូរព័ត៌មានជាមួយដៃគូរបស់ខ្លួន។

លោក រ៉េសនីកូវ បានគូសបញ្ជាក់ថា «គោលជំហររបស់យើងគឺសាមញ្ញណាស់ យើងត្រូវរំដោះទឹកដីដែលកាន់កាប់ជាបណ្តោះអាសន្នរបស់យើងមកវិញ និងជួយសង្គ្រោះជីវិតប្រជាជនរបស់យើង។ អ៊ុយក្រែន នឹងប្រើប្រាស់អាវុធទាំងនេះសម្រាប់តែលើការកាន់កាប់ទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់យើង។ អាវុធទាំងនេះនឹងមិនត្រូវបានប្រើនៅលើទឹកដីដែលទទួលស្គាល់ជាផ្លូវការរបស់រុស្ស៉ីនោះទេ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់បែកចង្កោម សម្រាប់ប្រឆាំងនឹងការកាន់កាប់កងកម្លាំងរុស្ស៉ី៕