(មូស្គូ)៖ ក្រុមទាហានស៉ីឈ្នួល Wagner របស់លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) កំពុងរៀបចំផ្លាស់ទីទៅប្រទេសបេឡារុស ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបញ្ឈប់ការបះបោររបស់ពួកគេប្រឆាំងយោធារបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ទី៨ ខែកក្កដា ឆ្នាំ២០២៣។

មេបញ្ជាការជាន់ខ្ពស់នៃក្រុម Wanger លោក អាន់តុន យេលីហ្សារ៉ូវ (Anton Yelizarov) បានឲ្យដឹងតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ឥឡូវនេះ ក្រុមអ្នកប្រយុទ្ធរបស់យើងកំពុងសម្រាកវិស្សមកាល រហូតដល់ដើមខែសីហា តាមការបទបញ្ជារបស់ លោក ព្រីហ្គោហ្ស៉ីន មុនពេលផ្លាស់ទៅកាន់ប្រទេសបេឡារុស»។

មេបញ្ជាការក្រុម Wagner រូបនេះ បានឲ្យដឹងតាមបណ្តាញតេឡេក្រាមរបស់ លោក ព្រីហ្គោហ្ស៉ីន បន្ថែមថា «យើងត្រូវរៀបចំមូលដ្ឋាន កន្លែងបណ្តុះបណ្តាល សម្របសម្រួលជាមួយរដ្ឋាភិបាល និងរដ្ឋបាលក្នុងតំបន់ ទាក់ទងជាមួយភ្នាក់ងារអនុវត្តច្បាប់របស់បេឡារុស និងបង្កើតទីតាំងភស្តុភារ»

គួរបញ្ជាក់ថា ចាប់តាំងពីមានការបះបោរកាលពីចុងខែមិថុនា មក ទីកន្លែងលាក់ខ្លួនពិតប្រាកដរបស់ លោក ព្រីហ្គោហ្ស៉ីន និងក្រុមទាហានស៊ីឈ្នួលរបស់លោក គឺមិនច្បាស់លាស់នោះទេ។ នៅក្រោមកិច្ចព្រមព្រៀងបញ្ចប់ការបះបោរ លោក ព្រីហ្គោហ្ស៉ីន មានបំណងផ្លាស់ទៅបេឡារុស ហើយក្រុមរបស់លោកត្រូវបានផ្តល់ជម្រើសថាតើទៅតាមមេរបស់ខ្លួន ឬចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ឬត្រលប់ទៅផ្ទះវិញ។

យ៉ាងនេះក្តី ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលថាលោក ព្រីហ្គោហ្ស៉ីន និងយុទ្ធជនរាប់ពាន់នាក់កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ីនៅឡើយ បានបង្កើតជាចម្ងល់ជុំវិញការអនុវត្តកិច្ចព្រមព្រៀងនេះ៕