(វីលនីញូស)៖ បក្សសម្ព័ន្ធយោធាណាតូ (NATO) បានដាក់ពង្រាយសព្វាវុធទំនើបៗទៅកាន់ទីតាំងដែលមានចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រពីរបងព្រំដែនជាប់ខ្សែលួសរបស់លីទុយអានី ជាមួយរុស្ស៉ី និងបេឡារុស ដើម្បីការពារប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំនៃសម្ព័ន្ធមិត្តផ្សេងទៀត ដែលត្រៀមជួបប្រជុំគ្នាក្នុងទីក្រុងវីនីញូស នាសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

សម្ព័ន្ធមិត្តណាតូចំនួន ១៦ បានបញ្ជូនកងទ័ពសរុបប្រហែល ១,០០០នាក់ដើម្បីទៅការពារកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែកក្កដា ហើយដែលនឹងប្រព្រឹត្តទៅនៅចម្ងាយត្រឹមតែ១៥១គីឡូម៉ែត្រប៉ុណ្ណោះពីរុស្ស៉ី។ ក្នុងនោះសមាជិកខ្លះ ក៏កំពុងផ្តល់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ទៅដល់ប្រទេសក្នុងតំបន់បាល់ទិកមួយនេះផងដែរ។

ប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស់ ណាវសេដា (Gitanas Nauseda) បានគូសបញ្ជាក់ថា «វានឹងលើពីភាពមិនទទួលខុសត្រូវទៅទៀត ប្រសិនបើលំហអាកាសរបស់យើងមិនមានប្រព័ន្ធការពារ ខណៈដែល លោក បៃដិន និងមេដឹកនាំនៃប្រទេសចំនួន ៤០ទៀតកំពុងមកដល់ប្រទេសរបស់យើង។ បន្ទាប់ពីកិច្ចប្រជុំកំពូលបញ្ចប់ទៅ យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើតកម្លាំងការពារជាអចិន្ត្រៃយ៍ផងដែរ»។

គួរបញ្ជាក់ថា ប្រទេសក្នុងតំបន់បាល់ទិក ដូចជា លីទុយអានី អេស្តូនី និងឡេតូនី ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ ប៉ុន្តែជាផ្នែកមួយនៃអង្គការណាតូ និងសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២៤តទៅនោះ គ្រោងនឹងចំណាយលើវិស័យការពារលើសពី ២ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលជាចំណែកមួយធំជាងសម្ព័ន្ធមិត្តណាតូដទៃទៀត។ យ៉ាងនេះក្តី តំបន់​ដែលមាន​ប្រជាជន​សរុប​ប្រមាណ​៦​លាន​នាក់ នៅ​មិនទាន់មានសមត្ថភាព​គ្រប់គ្រាន់ក្នុងការបំពាក់សម្ភារ​យោធា វិនិយោគ​លើ​យន្តហោះ​ចម្បាំង​ផ្ទាល់ខ្លួន ឬប្រព័ន្ធការពារ​ដែនអាកាស​ទំនើប​នោះទេ៕