(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានប្រារព្ធខួប១ឆ្នាំ គិតចាប់តាំងពីអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ ត្រូវបានបាញ់សម្លាប់ ក្នុងពេលថ្លែងសុន្ទរកថា អំលុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ ដោយបុរសម្នាក់ ដែលខឹងសម្បារចំពោះទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនា Unification Church។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

ករណីឃាតកម្មលោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តី កាន់តំណែងបានយូរជាងគេបំផុតរបស់ជប៉ុន បានអង្រួនប្រទេសអាស៉ីខាងកើតមួយនេះ ហើយបង្កឱ្យអន្តរជាតិទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន គឺលោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ព្រមទាំង​មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងសមាជិកសភាដទៃទៀត បានចូលរួមជាមួយភរិយាលោក អាបេ គឺលោកស្រី អាគីអិ (Akie) ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ​លក្ខណៈឯកជន នៅឯព្រះវិហារពុទ្ធសាសនាមួយ នាថ្ងៃសៅរ៍នេះ ក្នុងរាជធានីតូក្យូ។ ពេលពិធីបិទបញ្ចប់ទៅ សាធារណជនទូទៅ ក៏ត្រូវបានអនុញ្ញាតឱ្យចូល​​ដាក់បាច់ផ្កា ដើម្បីសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធលោក អាបេ ផងដែរ។

អំលុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី លោក ស៉ីនហ្សូ អាបេ ត្រូវគេចងចាំ សម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅព្យាយាម បញ្ចប់បញ្ហាបរិត្តផរណាជាច្រើនឆ្នាំ របស់ប្រទេសជប៉ុន និងគោលនយោបាយការពារជាតិ ដែលបានបង្កើនការចំណាយលើវិស័យយោធា និងកែសម្រួលសម្រួលនិយមន័យនៃរដ្ឋធម្មនុញ្ញាសន្តិនិយមរបស់ជប៉ុន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងជប៉ុន អាចចេញទៅធ្វើប្រតិបត្តិការប្រយុទ្ធនៅក្រៅប្រទេសបាន ជាលើកដំបូង គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២។ លោក អាបេ គឺជានាយករដ្ឋមន្រ្តីជប៉ុន កាលពីចន្លោះឆ្នាំ២០០៦-២០០៧ និងចន្លោះឆ្នាំ២០១២-២០២០ ដែលសរុបចូលគ្នាគឺរយៈពេលជិត៩ឆ្នាំ។

គួរបញ្ជាក់ថា ការស្លាប់របស់លោក អាបេ បានបង្កឱ្យមហាជនជប៉ុនបង្ហាញក្តីខឹងសម្បារចំពោះគណបក្សកាន់អំណាច ក្រោយទំនាក់ទំនងរវាងគណបក្ស​នយោបាយនេះ​ ហើយនិងក្រុមសាសនា Unification Church ត្រូវបានលាតត្រដាង។ បុរសជាជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមិ (Tetsuya Yamagami) អាយុ៤២ឆ្នាំ ដែលបានប្រើប្រាស់កាំភ្លើងកែច្នៃ ដើម្បីធ្វើឃាតអតីតមេដឹកនាំជប៉ុនវ័យ៦៧ឆ្នាំរូបនេះ គឺមិនទាន់បានឡើង​សវនាការជំនុំជម្រះក្តីនៅឡើយទេ។ បុគ្គល យ៉ាម៉ាហ្កាមិ បានទម្លាក់កំហុសទៅលើលោក អាបេ ថា បានជួយឃោសនាឱ្យក្រុម Unification Church ដែលបានធ្វើឱ្យម្តាយរបស់ខ្លួន បរិច្ចាគថវិការហូតធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕