(កៀវ)៖ អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសចំនួនប្រជាជនស៉ីវិល ដែលបានបាត់បង់ជីវិត ដោយសារតែសង្រ្គាមឈ្លានពាន​របស់រុស្ស៉ីនៅអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាបានអូសបន្លាយលើសពី៥០០ថ្ងៃ ហើយចុងបញ្ចប់នៃជម្លោះពុំទាន់អាចមើលឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

បេសកកម្មឃ្លាំមើលស្ថានការណ៍សិទ្ធិមនុស្សរបស់ UN ប្រចាំនៅអ៊ុយក្រែន ហៅកាត់ HRMMU បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ​សប្តាហ៍នេះថា ប្រជាជនស៉ីវិលច្រើនជាង៩,០០០នាក់ ក្នុងនោះរួមមានកុមារដល់ទៅ៥០០នាក់ ត្រូវបានសម្លាប់ គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានរបស់ខ្លួន​លើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ តួលេខនេះគឺគ្រាន់តែជាតួលេខផ្លូវការប៉ុណ្ណោះ ខណៈកន្លងមក UN ធ្លាប់បាននិយាយរួចហើយថា តួលេខពិតជាក់ស្តែង ទំនងជាខ្ពស់ជាងតួលេខផ្លូវការឆ្ងាយណាស់។

គួរបញ្ជាក់ថា យោងតាមការកត់សម្គាល់របស់បេសកកម្ម HRMMU ស្របពេលដែលក្នុងឆ្នាំនេះ ចំនួនអ្នកស្លាប់គិតជាមធ្យម គឺទាបជាង​កាលពីឆ្នាំ២០២២ក៏ដោយ តួលេខបានចាប់ផ្តើមកើនឡើងសាជាថ្មី កាលពីក្នុងខែឧសភា និងក្នុងខែមិថុនា។ នៅថ្ងៃទី២៧ ខែមិថុនា ជនស៉ីវិល១៣នាក់ ក្នុងនោះក្មេង៤នាក់ បានស្លាប់ក្នុងការវាយប្រហារមីស៉ីល នៅទីក្រុងក្រាម៉ាតួស (Kramatorsk) ភាគខាងកើតអ៊ុយក្រែន។ រីឯនៅទីក្រុងលីវ (Lviv) ភាគខាងលិចប្រទេស​ ដែលឆ្ងាយពីសមរភូមិជួរមុខ មនុស្សយ៉ាងហោច៥នាក់ ក៏ទើបតែបានបាត់បង់ជីវិតផងដែរ និង៣៧នាក់ទៀតរងរបួស អំលុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕