(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៉ីនតោនសង្ឃឹមនឹងអាចជំរុញឱ្យ បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ចាត់វិធានការម៉ឺងម៉ាត់ជាងមុន ប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ព្រមទាំងទប់ទល់សកម្មភាពចិននៅសមុទ្រចិនខាងត្បូង ខណៈដែលប្រមុខការទូតអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) កំពុងត្រៀមធ្វើដំណើរទៅកាន់តំបន់នេះ ដើម្បីចូលរូមកិច្ចប្រជុំ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។
លោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៉ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បន្ទាប់ពីលោកអមដំណើរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់ចក្រភពអង់គ្លេស និងទៅកាន់លីទុយអានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
លោក ដានីញែល គ្រីថិនប៊្រីង (Daniel Kritenbrink) ដែលជាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៉ីខាងកើត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មីយ៉ាន់ម៉ាដែលបានធ្លាក់ទៅក្នុងភាពចលាចល ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១ នឹងជាប្រធានបទសំខាន់មួយ ក្នុងពិភាក្សានៅទីក្រុងហ្សាការតា។ កាលពីខែមិថុនា ទីក្រុងវ៉ាស៉ីនតោន ទើបតែបានដាក់ទណ្ឌកម្មប្រឆាំងធនាគារមីយ៉ាន់ម៉ាចំនួន២ ដែលប្រើប្រាស់ដោយរបបសឹក។
ជាចុងក្រោយ លោក គ្រីថិនប៊្រីង បានបន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងធ្វើការជាមួយសមាជិកអាស៊ាន នៅទីក្រុងហ្សាការតា ដើម្បីទប់ទល់ប្រឆាំងនឹងអ្វីដែលលោកហៅថា ជាការកើនឡើងនៃសកម្មភាពសម្លុតគំរាម និងពុំមានការទទួលខុសត្រូវរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូងផងដែរ៕