(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា តួកគីគាំទ្របំណងរបស់អ៊ុយក្រែន ដែលចង់ក្លាយជាសមាជិករបស់អង្គការណាតូ (NATO) ប៉ុន្តែលោកក៏បានឆ្លៀត​ឱកាស​ទទូចឱ្យអ៊ុយក្រែននិងរុស្ស៉ីវិលត្រឡប់ទៅរក កិច្ចប្រឹងប្រែងចរចារកសន្តិភាពផងដែរ ដើម្បីបញ្ចប់សង្រ្គាមដែលបានឈានចូល៥០០ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន នៅឯទីក្រុងអ៉ីស្តង់ប៊ុលនាថ្ងៃសៅរ៍នេះ លោក អឺដូហ្កាន់ បានលើកឡើងយ៉ាងដូច្នេះថា «មិនមានមន្ទិលសង្ស័យនោះឡើយ ដែលអ៊ុយក្រែនពិតជាសមនឹងទទួលបានសមាជិកភាព នៅអង្គការ NATO» ហើយលោកប្រធានាធិបតីតួកគី បានបន្ថែមទៀតថា អ៊ុយក្រែននិងរុស្ស៉ីគួរតែវិលត្រឡប់ទៅរកកិច្ចចរចាសន្តិភាពឡើងវិញ។ នាឱកាសនោះ លោក ហ្សេលេនស្គី ក៏បានអរគុណដល់​លោក អឺដូហ្កាន់ សម្រាប់ការគាំទ្រ ដែលកើតឡើង នៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់មួយរបស់ NATO នាសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីបញ្ចុះបញ្ចូលឱ្យមានការអញ្ជើញប្រទេសរបស់លោក ដែលបច្ចុប្បន្នកំពុង​ហែកហួរដោយសង្រ្គាម ឱ្យចូលរួមក្នុងបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ដោយលោកបានលើកហេតុផលថា អ៊ុយក្រែនបានក្លាយជា​ខ្សែបន្ទាត់ការពារចុងក្រោយរបស់អឺរ៉ុប ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ ក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចនៅ​សាធារណរដ្ឋឆែក ស្លូវ៉ាគី និងប៊ុលហ្ការី ដើម្បីស្វែងរកការគាំទ្រសម្រាប់ការប៉ុនប៉ងក្លាយជាសមាជិក NATO របស់អ៊ុយក្រែន នៅមុនកិច្ចប្រជុំ NATO ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែកក្កដា នៅឯប្រទេសលីទុយអានី៕