(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកបានកម្ទេចអស់ទាំងស្រុងហើយ នូវអាវុធគីមីដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។

លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំមានមោទនភាពខ្លាំងណាស់ ក្នុងការប្រកាសថាសហរដ្ឋអាមេរិក បានកម្ទេចចោលអាវុធគីមី ដែលសេសសល់ចុងក្រោយគេនៅក្នុងឃ្លាំង​ ប្រកបដោយសុវត្ថិភាព ខណៈប្រការនេះបាននាំពួកយើង ខិតកាន់តែជិតពិភពលោកមួយ ដែលលែងមានការភ័យខ្លាចអំពីអាវុធគីមីតទៅទៀត»។

សហរដ្ឋអាមេរិក គឺជាប្រទេសហត្ថលេខីចុងក្រោយគេ នៃអនុសញ្ញាស្តីពីអាវុធគីមី (CWC) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៩៧ ក្នុងការបំពេញ​កាតព្វកិច្ចបំផ្លាញចោលអាវុធគីមីរបស់ខ្លួន។ អាវុធគីមីដែលត្រូវកម្ទេចទាំងនោះ គឺជាចំនួនដែលត្រូវបានប្រកាសឱ្យអន្តរជាតិ បានដឹងជាសាធារណៈ ប៉ុន្តែប្រទេសមួយចំនួនត្រូវគេជឿជាក់ អាចនៅមានរក្សាទុកអាវុធគីមី ក្នុងឃ្លាំងបម្រុងសម្ងាត់របស់ពួកគេ។ អង្គការដើម្បីការហាមឃាត់អាវុធគីមី ហៅកាត់ OPCW បានសាទរសេចក្តីប្រកាសរបស់អាមេរិកថា នៅពេលនេះចំនួនអាវុធគីមីទាំងអស់របស់ពិភពលោក ដែលត្រូវបានប្រកាសឱ្យដឹង​ជាសាធារណៈ គឺត្រូវបានកម្ទេចចោលអស់ទាំងស្រុងហើយ។

គួរបញ្ជាក់ថា អនុសញ្ញាស្តីពីអាវុធគីមី ដែលត្រូវបានព្រមព្រៀងគ្នាកាលពីឆ្នាំ១៩៩៣ និងចូលជាធរមាននៅឆ្នាំ១៩៩៧ បានទុកពេលឱ្យអាមេរិក រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ ដើម្បីកម្ទេចអាវុធគីមីរបស់ខ្លួនឱ្យអស់ទាំងស្រុងពីឃ្លាំង។ សម្រាប់ប្រទេសហត្ថលេខីដទៃទៀត គឺបានកម្ទេច​អាវុធគីមីរបស់ពួកគេចោលរួចរាល់អស់ហើយ ដែលមានបរិមាណសរុបស្មើនឹងខ្ទង់៧២,០០០តោន គិតចាប់តាំងពីអនុញ្ញានោះចូលជាធរមាន។

ដោយឡែក សម្រាប់ប្រទេសដែលមិនបានចុះហត្ថលេខា ឬផ្តល់សច្ចាប័នចំពោះអនុញ្ញា CWC រួមមានអេហ្ស៉ីប អ៉ីស្រាអែល​​ កូរ៉េខាងជើង និងស៊ូដង់ខាងត្បូង ខណៈប្រទេសហត្ថលេខីចំនួន៤ គឺមីយ៉ាន់ម៉ា អ៉ីរ៉ង់ រុស្ស៉ី និងស៉ីរី​ ស្ថិតក្រោមការសង្ស័យថា​ ទំនងនៅមានរក្សាទុកអាវុធគីមី ដែលមិនត្រូវបានប្រកាសឱ្យដឹងជាសាធារណៈ៕