(តូក្យូ)៖ ជប៉ុនបានបង្ហាញការមិនពេញចិត្តទៅកាន់កូរ៉េខាងត្បូង ជុំវិញការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល នៅទីប្រជុំកោះដែលមានបញ្ហាវិវាទ ហើយបានចាត់ទុកទង្វើរបស់កូរ៉េខាងត្បូង ជារឿងគួរឱ្យសោកស្តាយជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា ខ្លួនបានកោះហៅមន្រ្តីទូតជាន់ខ្ពស់ម្នាក់ នៃស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងតូក្យូ ខណៈស្ថានទូតជប៉ុននៅទីក្រុងសេអ៊ូល ក៏បានកោះហៅមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីសម្តែងការតវ៉ាផងដែរ។ ក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តាកេស៉ិម៉ា (Takeshima) គឺជាទឹកដីរបស់ជប៉ុនដែលមិនអាចប្រកែកបាន ដោយផ្អែកលើការពិតនៃប្រវត្តិសាស្រ្តនិងច្បាប់អន្តរជាតិ។ ការធ្វើសមយុទ្ធនៅទីប្រជុំកោះនោះ ដោយយោធាកូរ៉េខាងត្បូង គឺជាទង្វើមិនអាចទទួលយកបាន និងគួរឱ្យសោកស្តាយជាខ្លាំង»។
ជាយូរមកហើយ ប្រទេសជិតខាងទាំងពីរនេះ បានមើលមុខគ្នាមិនសូវចំ ដោយសារតែបញ្ហាអធិបតេយ្យនៃទីប្រជុំកោះមួយ ដែលជប៉ុនហៅថា តេកេស៉ិម៉ា ហើយកូរ៉េខាងត្បូងហៅថា ដូកដូ (Dokdo) ស្ថិតនៅចំចំណុចកណ្តាលរវាងប្រទេសជប៉ុននិងកូរ៉េខាងត្បូង លើផ្ទៃសមុទ្រជប៉ុន ដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងកើត។
គួរបញ្ជាក់ថា ការតវ៉ាខាងលើរបស់ទីក្រុងតូក្យូកើតមាន ស្របពេលដែលទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ចាប់ផ្តើមទទួលបានភាពប្រសើរឡើង ចំពោះមុខក្តីកង្វល់រួមស្តីពីការកើនឡើងឥទ្ធិពលរបស់ចិន និងចំគ្រាដែលសហរដ្ឋអាមេរិក កំពុងតែប្រឹងប្រែងជំរុញឱ្យសម្ព័ន្ធមិត្តអាស៉ីខាងកើតរបស់ខ្លួនទាំងពីរ ធ្វើការជាមួយគ្នាឱ្យជិតស្និទ្ធជាងមុន។ មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រូវគេរំពឹងថា នឹងបើកកិច្ចប្រជុំត្រីភាគី នៅសហរដ្ឋអាមេរិក អំលុងរដូវក្តៅឆ្នាំនេះ៕